ភ្នំពេញ ៖ កំណាត់ផ្លូវជាតិលេខ៥ ពីបាត់ដំបង ទៅសិរីសោភ័ណ ប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ២០២១នេះ។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងដូច្នេះក្នុងពិធី បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។លោកបញ្ជាក់ថា ក្រសួងក៏ត្រៀមជ្រើសរើសក្រុមហ៊ុនដើម្បីបន្តសាងសង់ផ្លូវពីសិរីសោភ័ណ ទៅប៉ោយប៉ែតផងដែរ។
គួរបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ ត្រូវបានបែងចែកជា បីផ្នែកធំៗរួមមាន៖ ផ្នែកខាងជើង(បាត់ដំបង-សិរីសោភ័ណ) មានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ ផ្នែកកណ្តាល(ធ្លាម្អម-បាត់ដំបង) មានប្រវែងសរុប ១៤៦,០៤គីឡូម៉ែត្រ និងផ្នែកភាគខាងត្បូង(ព្រែកក្តាម ខេត្តកណ្តាល-ធ្លាម្អម ខេត្តពោធិ៍សាត់) មានប្រវែងសរុប ១៣៥,២៤គីឡូម៉ែត្រ ដោយមានការពង្រីកកំណាត់ផ្លូវជាតិមានស្រាប់ពី២គន្លងទៅ៤គន្លង ទទឹង២៣ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) និងមានសួនច្បារចំកណ្តាល៕