គម្រោងអភិវឌ្ឍន៍ប្រឡាយធម្មជាតិក្នុងខេត្តព្រះសីហនុប្រវែង២៧គីឡូម៉ែត្រសម្រេចបាន៩៣,៤២%

យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងអភិវឌ្ឍន៍ និងស្ដារអូរប្រឡាយធម្មជាតិស្ថិតក្នុងខេត្តព្រះសីហនុ ក្នុងក្របខណ្ឌប្រើប្រាស់កញ្ចប់ថវិកាសន្សំរបស់ជាតិ គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នេះសម្រេចបាន ៩៣,៤២%ហើយ។ ស្ថានីយច្រោះសម្អាតទឹកកាកសំណល់ក្រុងព្រះសីហនុ ដែលមានផ្ទៃក្រឡាចំនួន១៦ ហិកតា។

ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសា ធារណការ និងដឹកជញ្ជូន ណែនាំឲ្យក្រុមការងារជំនាញបច្ចេកទេសរៀបចំសំណើសុំថវិកាប្ដូរម៉ូទ័រ និងដំឡើងផ្ទាំងថាមពលសូឡាទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើឲ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការសម្អាតសារជាតិកខ្វក់នៅក្នុងទឹក និងកាត់បន្ថយការចំណាយថាមពលអគ្គិសនី ដែលជួយដល់ការសន្សំសំចៃថវិកាជាតិបានមួយកម្រិត ជាពិសេសធានាបាននូវបរិស្ថានស្អាតប្រកបដោយផាសុខភាពជូនប្រជាពលរដ្ឋ ភ្ញៀវជាតិនិងអន្តរជាតិ មុននឹងបញ្ចេញទឹកកខ្វក់ទាំងនោះចូលទៅក្នុងឆ្នេរសមុទ្រផងដែរ។

សូមជម្រាបជូនថាស្ថានីយប្រព្រឹត្តិកម្មតាមបែបធម្មជាតិក្រុងព្រះសីហនុ ខេត្តព្រះសីហនុ គឺជាស្ថានីយច្រោះសម្អាតទឹកសំណល់ធំទី២ បន្ទាប់ពីស្ថានីយច្រោះសម្អាតទឹកកង្វក់តាមបែបធម្មជាតិក្រុងសៀមរាប ខេត្តសៀមរាប។

គួរកត់សំគាល់ផងដែរថា៖ដោយសារតែមានការហូរចូលនូវវិនិយោគចម្រុះតាមរយៈការសាងសង់អគារខុនដូ រមណីយ ដ្ឋាន និងអគារពាណិជ្ជកម្ម ព្រមទាំងរោងចក្រកាត់ដេរជា ច្រើន ខេត្តព្រះសីហនុ បាននិងកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្នុង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទន្ទឹមនឹងការអភិវឌ្ឍបរិមាណទឹកកខ្វក់មានការកើនឡើងលើសពីការរំពឹងទុក ដើម្បីដោះស្រាយបញ្ហាចំពោះមុខជាបន្ទាន់ ក្រសួង សាធារ ណការ និងដឹកជញ្ជូន បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរដែនដីបានស្ដារឡើងវិញនូវហេដ្ឋា រចនាសម្ព័ន្ធគ្រប់គ្រងទឹកកខ្វក់ និងសាងសង់ស្ថានីយបូមទឹកមួយចំនួនបន្ថែមទៀតផងដែរ៕