កំពង់ឆ្នាំង៖ សម្លេងភ្លេងការដែលប្រគុំរណ្តុំត្រៀមទទួលភ្ញៀវកិត្តិយសបាន ប្រែក្លាយជាស្ងប់ស្ងាត់មួយរំពេច បន្ទាប់កូនកំលោះដែលត្រៀមទទួលពរជ័យពីភ្ញៀវកិត្តិយសនាពេលល្ងាចនេះ បានខ្យល់គរស្លាប់ ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ។
ហេតុការណ៍កូនកំលោះស្លាប់ចោលកូនក្រមុំនេះ បានកើតឡើងកាលពីវេលាម៉ោង ១៥និង៣០នាទីសៀលថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២១ នៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
ប្រភពពីក្រុមគ្រួសារបានប្រាប់ឲ្យដឹងថា កូនកំលោះដែលស្លាប់នេះឈ្មោះក្រុង ពុធ អាយុ៥២ឆ្នាំ មានទីលំនៅក្នុងភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុង.ខេត្តកំពង់ឆ្នាំង។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយពីបញ្ចប់ពិធីតាមប្រពៃណី និងត្រៀមចាំទទួលភ្ញៀវមកពិសារភោជនីអាហារនៅពេលល្ងាច។ កូនកំលោះក៏មានអាការៈមិនស្រួលខ្លួន។ ភ្លាមៗនោះក្រុមគ្រួសារបាននាំគ្នាជួយសង្រ្គោះ និងបានប្រញាប់ប្រញាល់ដឹកមកសង្រ្គោះនៅមន្ទីរពេទ្យខេត្ត ប៉ុន្តែដោយសារអាការៈធ្ងន់ធ្ងរពេកក៏បានស្លាប់តែម្តង ហើយក្រុមគ្រួសារកូនកំលោះបានដឹកសពយកទុកដាក់នៅគេហដ្ឋានកូនកំលោះ ស្ថិតនៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។
ប្រជាពលរដ្ឋអ្នកជិតខាងក្នុងភូមិបានសម្តែងនូវការតក់ស្លុតរន្ធត់យ៉ាងក្រៃលែង ក្រោយពីកូនកំលោះ បានស្លាប់ចោលកូនក្រមុំភ្លាមៗបែបនេះ ខណៈដែលគម្រោងអាពាហ៍ពិពាហ៍បានត្រៀមរាប់ខែមកហើយនោះ តែបែរជាអកុសល្យកូនកំលោះស្លាប់ចោលរោងការបែបនេះ៕