នៅកម្ពុជាមានឆ្លងកូវីដ-១៩បីករណីថ្មីលើបុរសឥណ្ឌាពីរនាក់ និងស្ត្រីខ្មែរម្នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានពីការរកឃើញផល​វិជ្ជមានកូវីដ-១៩ បីករណីថ្មីដែលនាំឲ្យចំនួន​សរុបនៅកម្ពុជាឡើង​ដល់ ៤៧០ករណី ក្នុងនោះសះស្បើយ​ ៤៥២នាក់។

បីករណីថ្មី មានបុរសឥណ្ឌាអាយុ​២៨​ឆ្នាំ និង​ស្ត្រីឥណ្ឌាអាយុ២៣ឆ្នាំ ដែលមកពីឥណ្ឌា ឆ្លងកាត់សិង្ហបុរី​ និងមកដល់កម្ពុជានៅថ្ងៃទី៣ ខែកុម្ភៈ។ ពួកគាត់ត្រូវដាក់ឲ្យសម្រាកព្យាបាល​នៅមណ្ឌលជាតិ​កំចាត់រោគរបេង និងហង់សិន រីឯអ្នកដំណើរ​៧៨នាក់ទៀត បន្តធ្វើ​ចត្តាឡីស័ក។

ករណីមួយទៀត ជាស្ត្រីខ្មែរអាយុ​៦៣ឆ្នាំ អាសយដ្ឋាននៅ​សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ គាត់មកពីសហរដ្ឋអាមេរិក ឆ្លងកាត់កូរ៉េខាងត្បូង និងមកដល់កម្ពុជានៅថ្ងៃទី២២ ខែមករា។ លទ្ធផលសំណាកលើកទី២ បង្ហាញថាគាត់វិជ្ជមានកូវីដ-១៩ រីឯអ្នក​ដំណើរ​៨៥នាក់ទៀតបន្តចត្តាឡីស័ក។

ជាមួយគ្នានេះ អ្នក​ជំងឺម្នាក់បានជាសះស្បើយ ដោយគាត់ជាស្ត្រីខ្មែរអាយុ​៥៧​ឆ្នាំ មកពីអាមេរិក។ គាត់ត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌល​សុខភាពចាក់អង្រែក្រោយតេស្តអវិជ្ជមានពីរលើក។

មកដល់ពេលនេះ កម្ពុជាមាន​កូវីដ-១៩ ចំនួន​៤៧០ករណី ដោយ​ ៤៥២ករណីសះស្បើយ និងនៅជំងឺចំនួន ១៨នាក់ទៀតកំពុងបន្តការព្យាបាលនៅឡើយ៕