ជនដៃដល់បាញ់សម្លាប់នគរបាលនៅភ្នំពេញ បន្តរត់ចូលព្រៃព្រំប្រទល់រវាងខេត្ត៤ ក្នុងខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ជនដៃដល់បាញ់សម្លាប់នគរបាលម្នាក់នៅខណ្ឌពោធិ៍សែនជ័យ ដោយសារបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ហើយដែលបានបើករថយន្តដឹកប្រពន្ធកូនភៀសខ្លួនទៅខេត្តមណ្ឌលគិរី បានបន្តរត់គេចទៅសំងំលាក់ខ្លួនក្នុងព្រៃជ្រៅរបស់ខេត្តស្ទឹងត្រែង ជាតំបន់ព្រំប្រទល់រវាងខេត្តទាំងបីគឺ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី ក្រោមការតាមប្រមាញ់របស់កម្លាំងប្រដាប់អាវុធចម្រុះស្ថាប័នយ៉ងប្រកៀកប្រកិត។

ការប្រមាញ់ស្វែងរកឃាតកបាញ់សម្លាប់មន្ត្រីនគរបាលរាជធានីភ្នំពេញ បានបន្តដល់ខេត្តស្ទឹងត្រែង ដែលនៅទីនោះ សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យជាឃាតក បានប្រើប្រាស់ម៉ូតូមួយគ្រឿងម៉ាក Dream សេរីឆ្នាំ២០២០ថែមទៀត។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា ជនសង្ស័យបានជិះម៉ូតូ១គ្រឿងនោះ កាលពីយប់មិញ ចូលមកក្នុងភូមិមួយឈ្មោះភូមិច្រប់ ក្នុងស្រុកសេសាន និងបានទុកម៉ូតូនោះចោលនិងគេចខ្លួនបាត់ថែមទៀតនៅ ពេលព្រឹកព្រលឹម។

សមត្ថកិច្ចនៅមិនទាន់មានប្រតិកម្មបញ្ជាក់បន្ថែមជុំវិញការស្វែងប្រមាញ់រកឃាតកបាញ់សម្លាប់មន្ត្រីនគរបាលលោកវរសេនីយ៍ រ៉េត ស៊ីណាត កាលពីយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នោះឡើយ។ មិនមានសេចក្តីរាយការណ៍ថាតើ ជនសង្ស័យនោះ កំពុងស្ថិតនៅទីណាមួយនោះទេ ប៉ុន្តែមានការសង្ស័យថា ជនសង្ស័យអាចនឹងរត់ចូលក្នុងព្រៃនៅក្នុងព្រំប្រទល់ខេត្ត៤ភាគឥសានប្រទេស គឺខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តក្រចេះ។

ម៉ូតូរបស់ជនសង្ស័យ ត្រូវកម្លាំងប៉ុស្តិ៍ក្បាលរមាស ក្នុងខេត្តស្ទឹងត្រែង បានយកទៅរក្សាទុកជាវត្ថុតាង។ គួរបញ្ជាក់ថា កាលពីម្សិលមិញជនសង្ស័យ បានជិះរថយន្តបុករបាំងការពាររបស់សមត្ថកិច្ចនៅក្នុងខេត្តមណ្ឌលគិរី និងបានរត់ភៀសខ្លួនចូលទៅក្នុងព្រៃ ដោយបន្សល់ទុកតែភរិយា, កូនស្រីនិងប្អូន ថ្លៃស្រី ជាមួយនឹងរថយន្ត។ ជនសង្ស័យរូបនោះ ត្រូវបានគេទម្លាយអត្តសញ្ញាណម្សិលមិញឲ្យដឹងថាមាន ឈ្មោះ អ៊ា ណារ៉េន ដែលជាមនុស្សមានអាវុធជាប់ខ្លួន និងប្រកបដោយគ្រោះថ្នាក់ថែមទៀត។

សូមបញ្ជាក់ថា ខ្មាន់កាំភ្លើងបន្ទាប់ពីធ្វើសកម្មភាព កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០រួច បានរត់គេចខ្លួនពីមួយកន្លែងទៅមួយកន្លែងជាបន្ដបន្ទាប់ តាំងពីរាជធានីភ្នំពេញ រហូតធ្លាក់ដល់ខេត្តភាគឦសាន ដែលជាហេតុបង្កការលំបាកដល់ កម្លាំងប្រដាប់អាវុធ ក្នុងការចាប់ខ្លួនខ្មាន់កាំភ្លើងខាងលើ ដែលជាមន្ដ្រីយោធា និងមានអាវុធជាប់ខ្លួនថែមទៀតផង។

នៅយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ម្សិលមិញ ខ្មាន់កាំភ្លើងបានរត់ដល់ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយជិះរថយន្ដមួយគ្រឿង ក្នុងនោះមានទាំងប្រពន្ធ និងកូនតូចម្នាក់នៅជាមួយ។ បន្ទាប់ពីសមត្ថកិច្ចកំណត់ទីតាំងលាក់ខ្លួន របស់ខ្មាន់កាំភ្លើងបាន និងដាក់បារ៉ាស់នៅលើផ្លូវ ដើម្បីស្ទាក់ចាប់ ប៉ុន្ដែខ្មាន់កាំភ្លើង មិនព្រមប្រគល់ខ្លួននោះទេ ពោលបានបើករថយន្ដបុកបារ៉ាស់របស់សមត្ថកិច្ចថែមទៀតផង។

បើតាមសេចក្ដីរាយការណ៍ ក្រោយបើករថយន្ដបុកបារ៉ាស់របស់សមត្ថកិច្ច ខ្មាន់កាំភ្លើងបានបន្ដបើករថយន្ដគេចខ្លួន លុះបើកបានប្រមាណ១គីឡូម៉ែត្រ ទើបខ្មាន់កាំភ្លើងបានចុះពីលើរថយន្ដ ហើយរត់គេចដោយថ្មើរជើងចូលក្នុងព្រៃជ្រៅដោយបន្សល់ទុកប្រពន្ធ និងកូន។ ពេលនោះប្រពន្ធ និងកូនតូចរបស់ខ្មាន់កាំភ្លើង ក៏ត្រូវសមត្ថកិច្ចនាំខ្លួនមកសួរនាំផងដែរ។

កាលពីរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក៏ចាប់ខ្លួនបានជនសង្ស័យម្នាក់ដែលជាបក្ខពួករបស់ខ្មាន់កាំភ្លើង ហើយជាអ្នកបើករថយន្ដនៅថ្ងៃបង្កហេតុ។ បក្ខពួកខ្មាន់កាំភ្លើង ត្រូវចាប់ខ្លួនបាននៅខេត្តបាត់ដំបង ហើយបញ្ជូនភ្លាមៗតាមរថយន្ដមកកាន់ក្រសួងមហាផ្ទៃ ដើម្បីធ្វើការសួរនាំតាមនីតិវិធី។

នៅព្រឹកថ្ងៃទី៧ មករា នេះ សមត្ថកិច្ចចម្រុះរបស់ខេត្តទាំង៤ កំពុងចេញត្រៀមស្កាត់ និងរុករកចាប់ជនដៃដល់ ដែលចូលទៅសំងំលាក់ខ្លួនក្នុងព្រៃយ៉ាងប្រុងប្រយ័ត្នជាទីបំផុត នៅឡើយ៕