រដ្ឋសភាសភា នឹងបើកសម័យប្រជុំពេញអង្គ ដើម្បីបោះឆ្នោតប្រកាសសុពលភាពសមាជិកថ្មីនៃរដ្ឋសភាចំនួន២រូប ជំនួសសមាជិកដែលបានលាលែងពីតួនាទី នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ខាងមុខ។
បើតាមការបញ្ជាក់របស់ឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានឱ្យដឹងបន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នៅវិមានរដ្ឋសភា ថា ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្ដៃយ៍រដ្ឋសភានេះដែរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាក៏បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាគណៈកម្មាធិការអិចន្ត្រៃយ៍ ដោយកំណត់យកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ដើម្បបើកសម័យប្រជុំពេញអង្គរដ្ឋសភា បោះឆ្នោតប្រកាសសុពលភាពសមាជិកសភាថ្មីចំនួន២រូប។
យោងតាមរបៀបវារៈកិច្ចប្រជុំអចិន្ត្រៃយ៍ រួមមាន ១-ការពិនិត្យ និងសម្រេចអំពីសុពល ភាព នៃអាណត្តិ ឯកឧត្តម លី ស៊ុគ្រី ជាតំណាងរាស្ត្រថ្មី មណ្ឌលខេត្តតាកែវ ជំនួស ឯកឧត្តម សុខ សូកាន ដែលបានសុំលាលែង។ ឯកឧត្តម សៅ សារ៉ាត់ ជាតំណាងរាស្ត្រថ្មី មណ្ឌលខេត្តប៉ៃលិន ជំនួសលោកជំទាវ បាន ស្រីមុំ ដែលបានសុំលាលែង។ ២.ការពិនិត្យ សំណើសុំជ្រើសតាំង ឯកឧត្តម ខៀវ ភារិទ្ធ ជាសមាជិកគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការ សាសនា វប្បធម៌ និងទេសចរណ៍។ លោកជំទាវ នូ សុវណ្ណនី ជាសមាជិក គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕