បុរសម្នាក់ឈ្មោះ លឿង លីសាន់ អាយុ ២២ឆ្នាំ រស់នៅភូមិភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលទើបតែវិលត្រឡប់មកពីប្រទេសថៃ បានរត់គេចវេះមិនព្រមធ្វើចត្តាឡីស័ក នៅប៉ោយប៉ែត នាថ្ងៃទី២៤ ខែធ្នូ នេះទេ ដោយគាត់បានព្យាយាមលោកចុះពីរថយន្តក្នុងចំណោមមនុស្សលើរថយន្តជាច្រើននាក់ដែលត្រូវនាំយកទៅធ្វើចត្តាឡីស័ក។ នេះបើតាមការបញ្ជាក់របស់អភិបាលស្រុកមង្គលបូរី លោក រ័ត្ន ដាស៊ីណង់ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ។
ទាក់ទិននឹងព័ត៌មាននេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់តាមបណ្តាញតេលេក្រាមថា «រឿងនេះ គឺពិតជាមានអ្នករត់ តែគាត់ត្រូវបានដឹកយកមកធ្វេីចត្តាឡីស័ក ពេលដល់ក្លោងទ្វារចូល គាត់ក៏លោតចេញពីឡានរត់តែម្តងទៅ។ បច្ចុប្បន្ន នេះ សមត្ថកិច្ច កំពុងរកគាត់ហើយ»៕