នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នេះថា ផ្សោតទន្លេមេគង្គ ១ក្បាល មានលេខសម្គាល់ ៩៥ ត្រូវបានប្រទះឃើញស្លាប់នៅតំបន់កាំពី ក្នុងខេត្តក្រចេះ ហើយបើទោះជាការសន្និដ្ឋានថា ផ្សោតនេះ បានស្លាប់ដោយជរាភាព។
លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល បានប្រាប់ថា យោងតាមរបាយការណ៍កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ របស់លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានឱ្យដឹងថា ក្រោយពីបានទទួលព័ត៌មានពីក្រុមការងារឆ្មាំទន្លេនៅបុស្តិ៍កាំពី ជ្រោយបន្ទាយ ស្តីពីការប្រទះឃើញសត្វផ្សោតមួយក្បាលស្លាប់ នៅចំណុចព្រែកខ្សោរ ភូមិសំបុក ឃុំសបុក ស្រុកចិត្របុរី ខេត្តក្រចេះ ក្រុមការងារសហការជាមួយអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) ខេត្តក្រចេះ បានចុះទៅត្រួតពិនិត្យនៅចំណុចខាងលើ។ យោងតាមលទ្ធផល នៃការពិនិត្យស្ថានភាពជាក់ស្ដែង គឺសត្វផ្សោតមួយក្បាលនេះ គឺជាសត្វផ្សោតដែលមានវ័យចំណាស់ ហើយដែលបានស្លាប់ប្រហែលមួយថ្ងៃមុន ព្រោះ នៅមានសភាពស្រស់នៅឡើយ។
ផ្សោតដែលស្លាប់នោះ ជាផ្សោតញី មានលេខសម្គាល់ ៩៥ នៅតំបន់អន្លង់កាំពី ហើយមានទម្ងន់ប្រមាណ ២០១គីឡូក្រាម និងមានប្រវែង ២,៣ម៉ែត្រ ហើយមូលហេតុដែលស្លាប់ តាមការពិនិត្យជាក់ស្តែង គឺដោយសារជរាភាព ព្រោះធ្មេញសឹករិច អស់ទាំងខាងលើ និងខាងក្រោម។
បន្ទាប់ពីការពិនិត្យសពផ្សោតនេះហើយ ក្រុមការងារបានសម្រេចធ្វើការវះកាត់ ដើម្បីយកសំណាករក្សាទុកនៅទូរក្លាសេ នៅអង្គការ WWF។
គួរជម្រាបថា នៅក្នុងឆ្នាំ២០២០នេះ ចំនួនផ្សោតដែលបានស្លាប់ និងកើត មានកម្រិតប្រហាក់ប្រហែលគ្នា ដោយផ្សោតដែលស្លាប់មានចំនួន០៨ក្បាល ប៉ុន្តែកើតមានចំនួន ០៧ក្បាលវិញ។ ផ្សោតចំនួន០៨ដែលបានស្លាប់ មាន៣ក្បាល ជាផ្សោតដែលមានវ័យចាស់ មានអាយុចន្លោះពី២៧ ដល់៣០ឆ្នាំ។ នេះគឺជាធម្មជាតិរបស់វាទៅហើយ ព្រោះវាអាចមានជីវិតយ៉ាងច្រើនត្រឹមតែ ៣០ឆ្នាំប៉ុណ្ណោះ ប៉ុន្តែបើកូនផ្សោតស្លាប់វិញ គឺជារឿងដ៏គួរឱ្យសោកស្តាយណាស់ ព្រោះពួកវាជាអ្នកបន្តវេន៕