ភ្នំពេញ ៖ ប៉ូលិសតាមចាប់ខ្លួនបានខ្មាន់កាំភ្លើងម្នាក់ និងម្ចាស់កាំភ្លើងម្នាក់ ដែលពាក់ព័ន្ធនឹងករណីបាញ់សម្លាប់បុរសអ្នករកស៊ីដីធ្លីម្នាក់ នៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេស ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។ ជនដៃដល់ បានបាញ់សម្លាប់ជនរងគ្រោះដែលជាម្ចាស់បំណុលដោយសារខ្លួនគ្មានប្រាក់សងទាំងដើម ទាំងការប្រមាណ ៣០ម៉ឺនដុល្លារ។
សមត្ថកិច្ចរាយការណ៍ថា ជនដៃដល់ឈ្មោះ សុខ ហេងបូរ អាយុ៣០ឆ្នាំ រស់នៅភូមិស្រែញ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែក អ្នកមើលផ្លូវ ត្រូវជាម្ចាស់អាវុធខ្លីម៉ាក CF98 ឈ្មោះ ផេង ស៊ី ថុល អាយុ៤៧ឆ្នាំ មុខរបររកស៊ីដីធ្លី ស្នាក់នៅ បុរីសន្តិភាព២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពនេះបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូ ម៉ាកហុងដា PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1ID-7477 តែម្នាក់ឯងចេញពីស្ទីម នៅក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ លុះពេលទៅដល់កន្លែងកើតហេតុ ក៏ត្រូវបានជនសង្ស័យបាញ់ប្រហារតែម្ដង ។
មូលហេតុដែលបាញ់សម្លាប់ជនរងគ្រោះ នេះ ត្រូវបានសមត្ថកិច្ច អះអាងថា ព្រោះជនដៃដល់ជំពាក់លុយជនរងគ្រោះ ប្រមាណ ៣០ម៉ឺនដុល្លារហើយជនរងគ្រោះជាម្ចាស់បំណុល តែងតែទារលុយរាល់ថ្ងៃ។ សមត្ថកិច្ច បញ្ជាក់ថា ដោយជនដៃដល់បានខ្ចីលុយសុទ្ធពីជនរងគ្រោះចំនួន ៦ម៉ឺន ប៉ុណ្ណោះ ដោយព្រមព្រៀងគ្នាសងក្នុងមួយខែ ១ម៉ឺន រួមទាំងការប្រាក់ ៣០០០ដុល្លារផងដែរ ហើយការខ្ចីប្រាក់ ៦ម៉ឺនដុល្លានោះ មានរយៈពេល ២ឆ្នាំ ដែលត្រូវម្ចាស់ប្រាក់បូកបញ្ចូលគ្នាគិតទាំងការ ទាំងដើម ឡើងដល់ជិត ៣០ម៉ឺនដុល្លា។
បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌកំបូល ដែលជាម្ចាស់ទីតាំងកើតហេតុ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី ៕