ភ្នំពេញ ៖ គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២១ ខែធ្នូ នេះ ទាក់ទិននឹងជម្ងឺកូវីដ-១៩នៅកម្ពុជា គឺមានករណីវិជ្ជមានថ្មីម្នាក់ ដែលជាអ្នកដំណើរចូលមកកម្ពុជា មិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨វិច្ឆិកាទេ និងមិនមានករណីជាសះស្បើយឡើយ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលបានចេញផ្សាយនៅព្រឹកនេះ បានឱ្យដឹងថា ការរកឃើញវិជ្ជមានម្នាក់នោះ គឺជាស្ត្រីជនជាតិខ្មែរអាមេរិកកាំង អាយុ ៨៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់ ) មកដល់កម្ពុជា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ បច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន រាជធានីភ្នំពេញ។
ក្រសួងបញ្ជាក់ថា ៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើសរុបចំនួន ៤៤នាក់រួមទាំងស្ត្រីម្នាក់ដែលបានរកឃើវិជ្ជមានជំងឺមុនគេនោះផង។ រីឯអ្នកដំណើរចំនួន ៤៣នាក់ទៀតកំពុងដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ចំនួន ៣៦នាក់ និងចំនួន ៧នាក់ទៀតនៅវិទ្យាល័យបុរី ១០០ខ្នង រាជធានីភ្នំពេញ៕
សូមជម្រាបថា គិតត្រឹមម៉ោង៧ ៖ ០០នាទីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នេះ នៅកម្ពុជា បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៣៦៣នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៣៤៥នាក់ និងអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ១៨នាក់៕