សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសារពិសេសផ្សាយផ្ទាល់ពាក់ព័ន្ធស្ថានភាពវិវត្តន៍ជំងឺកូវីដ-១៩ នៅព្រឹកស្អែក

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងថ្លែងសារពិសេ ស ដោយផ្សាយផ្ទាល់នៅវេលាម៉ោងប្រមាណ ៩ព្រឹក ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០ ស្អែកនេះ ពាក់ព័ន្ធនឹងស្ថានភាពវិវត្តន៍នៃជំងឺកូវីដ១៩ និងការនទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩។ នេះជាការបញ្ជាក់របស់ ឯ.ឧ ស្វាយ ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

ឯ.ឧ ស្វាយ ស៊ីថា បានឲ្យដឹងថា ការផ្សាយផ្ទាល់នេះធ្វើឡើងចេញពីគេហដ្ឋានរបស់សម្តេចតេជោ​ ដោយផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា និងផ្សាយបន្តផ្ទាល់ទៅកាន់បណ្តាញផ្សព្វផ្សាយទាំងអស់នៅកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងលើកឡើងពីស្ថានភាពជំងឺកូវីដ១៩ ជាពិសេស «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» និងការងារទិញវ៉ាក់សាំង ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុប ៣៥៩នាក់។ ក្នុងនោះអ្នកព្យាបាលជាសះស្បើយមានចំនួន ៣០៩នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៥០នាក់។ ពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» ក្រសួងសុខាភិបាលរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៤០នាក់។ ជាការកត់ សម្គាល់ ក្នុងរយៈពេល ៣ថ្ងៃចុងក្រោយនេះ មិនមានអ្នកវិជ្ជមានថ្មីឡើយ៕