ខេត្តក្រចេះ ៖ អាជ្ញាធរខេត្តក្រចេះ សម្រេចបិទសណ្ឋាគារ «ចម្ប៉ាពេជ្រ» ស្ថិតនៅទីរួមស្រុកស្នួល ខេត្តក្រចេះ នៅជិតសាលាស្រុកស្នួល ជាបណ្តោះអាសន្ន នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីភ្ញៀវមានកូវីដ-១៩ ចូលស្នាក់នៅ។
ការបិទសណ្ឋាគារបណ្តោះអាសន្ននេះ ត្រូវបានអាជ្ញាធរស្រុកស្នួល អះអាងថា ដោយសារមានភ្ញៀវម្នាក់ ឈ្មោះ អិត កុម៉ាល ភេទប្រុស អាយុ ៣៥ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានមកស្នាក់នៅមួយយប់ ក្នុងសណ្ឋាគារនោះ កាលពីថ្ងៃទី១ ខែធ្នូ ហេីយបុរសរូបនោះ ត្រូវបានក្រសួងសុខាភិបាល បញ្ជាក់ថា វិជ្ជមានកូវីដ-១៩។
អភិបាលស្រុកស្នួល លោក សាម ណាល់ បានឱ្យដឹងថា ក្រោយពីបានទទួលព័ត៍មានពីក្រសួងសុខាភិបាល ថា បុរសឈ្មោះ អីត កុម៉ាល មានវិជ្ជមានកូវីត១៩ និងបានមកស្នាក់នៅ សណ្ឋាគារចម្ប៉ាពេជ្រ ក្នុងស្រុកស្នួល អាជ្ញាធររួមនិងមន្ត្រីសុខាភិបាល បានសម្រេចបិទបណ្តោះអាសន្ន សណ្ឋាគារមួយនេះ។
លោកបានបញ្ជាក់ថា សម្រាប់ក្រុមគ្រួសារ និងបុគ្គលិកសណ្ឋាគារមួយនេះ ចំនួន ៦២នាក់ ត្រូវបានឲ្យស្នាក់នៅខាងក្នុង និងយកសំណាក ទៅធ្វើតេស្ត។
សូមរម្លឹកថា បុរស អិត កុម៉ាល បានទៅលេងនៅមណ្ឌលគិរី ហើយស្នាក់នៅ Relax Hill Resort ក្នុងក្រុងសែនមនោរម្យ កាលពីថ្ងៃទី២ ខែធ្នូ។ រីសតនោះ ក៏ត្រូវបិទអាជីវកម្ម រហូតដល់ថ្ងៃទី២៤ ខែធ្នូផងដែរ៕