មន្ទីរពេទ្យបង្អែកខេត្តកោះកុង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ ជាអង្គភាពផ្ដល់សេវាសាធារណៈគំរូ កម្រិត ២ ជ័យលាភីចំណាប់ថ្នាក់លេខ ១ ឆ្នាំ ២០២៤

កោះកុង # រដ្ឋបាលខេត្តកោះកុងបានរៀបចំពិធីដង្ហែក្បួនពានរង្វាន់ជ័យលាភីលេខ ១ របស់បន្ទីរពេទ្យបង្អែកខេត្តកោះ កុង ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ទទួល ស្គាល់ជាអង្គភាពផ្ដល់សេវាសាធារណៈគំរូ កម្រិត ២ ដែលទទួលបានជ័យលាភីលេខ ១ ឆ្នាំ ២០២៤។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ហៃ ឡៃស៊ុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានមានប្រសាសន៍ថា ក្រុមគ្រូពេទ្យ គ្រប់ជំនាញ គ្រប់ផ្នែក នៃមន្ទីរពេទ្យបង្អែកខេត្ត កន្លងមកបានខិតខំយ៉ាងយកចិត្តទុកដាក់ក្នុងការ បម្រើសេវាជូនប្រជាពលរដ្ឋ ទាំងយប់ទាំងថ្ងៃ ដោយប្រកាន់ភ្ជាប់តួនាទីភារកិច្ចរបស់ខ្លួន និងគោរពក្រុមសីលធម៌វិជ្ជាជីវៈយ៉ាងជាប់ជួន។

ក្នុងពិធីនោះដែរ លោកជំទាវ មិថុនា ភូថងអភិបាល នៃគណៈអភិបាលខេត្តកោះកុង បានមានប្រសាសន៍អបអរសាទរ ថ្លែង អំណរគុណយ៉ាងរីករាយ ដល់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្ត ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់ ជាអង្គភាពផ្ដល់សេវាសាធារណៈគំរូ កម្រិត ២ ដោយទទួលបានពានរង្វាន់ជ័យលាភីលេខ ១ ឆ្នាំ ២០២៤។

ជាមួយគ្នានេះ លោកជំទាវអភិបាលខេត្ត មានប្រសាសន៍ ថ្លែងកោតសរសើរ និងផ្ដាំផ្ញើដល់ក្រុមគ្រូពេទ្យទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់បន្ថែម ក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដើម្បីឈានទៅយកពានរង្វាន់ឆ្នាំបន្តក្រោយៗទៀត។

គួរបញ្ជាក់ដែរថា: ពិធីដង្ហែក្បួននេះ បានប្រព្រឹត្តធ្វើឡើង នាព្រឹកថ្ងៃចន្ទ ទី ១៧ ខែមិនាឆ្នាំ ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ថុង ណារ៉ុង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ មិថុនា ភូថងអភិបាល នៃគណៈអភិបាលខេត្តកោះកុង ដែលមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីអភិបាលរងខេត្ត មន្ត្រីរាជការ នៃសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរាជការនៃមន្ទីរអង្គភាពជុំវិញខេត្ត យុវជនសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្ត ចេញដំណើរក្បួន ពីរសាលាខេត្តកោះកុង ស្ពោះទៅជ័យវរ្ម័នទី ៧ ត្រឡប់មកផ្លូវផែអូរបរ បទតាមផ្លូវផ្សារដងទង់ រួចឆ្ពោះទៅបញ្ចប់នៅមុខមន្ទីរពេទ្យបង្អែកខេត្ត។ វិធីដង្ហែក្បួននេះ មានការទទួលអបអរសាទរ ពីប្រជាពលរដ្ឋ កងកម្លាំងនគរបាល សិក្សានុសិស្ស រង់ចាំស្វាគមន៍ក្បួន នៅតាមដងផ្លូវយ៉ាងរីករាយក្រៃលែង៕ ដោយ ញុឹប សន