មនុស្ស ៥នាក់ស្លាប់ និងមួយចំនួនរបួស ដោយសារភ្លើងឆេះព្រៃក្បែរទីក្រុង Los Angeles សហរដ្ឋអាមេរិក

(វ៉ាស៉ីនតោន)៖ គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ ភ្លើងឆេះព្រៃដ៏ខ្លាំងក្លានៅទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥នាក់ស្លាប់ បំផ្លាញអគាររាប់រយ ខណៈដែលមនុស្សជាង ៧០ ០០០នាក់នាក់ ត្រូវបានបញ្ជាឱ្យជម្លៀសចេញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ឆ្នាំ ២០២៥។

ខ្យល់បក់បោកខ្លាំង បានរារាំងកិច្ចខិតខំប្រឹងប្រែងពន្លត់ និងធ្វើឱ្យភ្លើងឆេះកាន់តែខ្លាំង។ កង្វះខាតទឹក ក៏បានរារាំងដល់កិច្ចខិតខំប្រឹងប្រែងផងដែរ ជាពិសេសនៅតំបន់ Pacific Palisades ដែលជាតំបន់ឆ្នេរដ៏ធំ ហើយភ្លើងឆេះព្រៃបានលេបត្របាក់ផ្ទៃដីជិត ៤ ៨៥៦ហិកតា។ ប្រធាន​នាយកដ្ឋាន​ទឹក និង​ថាមពល​ក្រុង​ Los Angeles លោកស្រី Janisse Quinones បានឱ្យដឹងថា ប្រព័ន្ធ​ទឹករបស់​ទីក្រុង​​ពឹង​ផ្អែក​លើ​ធុងស្តុក​ធំៗ​ចំនួន ៣​ដែលនីមួយៗ​ផ្ទុកបាន​ប្រមាណ​ ៣,៧៨​លាន​លីត្រ។ ទឹកសម្រាប់យកមកទប់ទល់នឹងភ្លើងឆេះ មិនអាចបំពេញតម្រូវការបានទេ។

គួរបញ្ជាក់ថា ភ្លើងឆេះព្រៃនៅតំបន់ Pacific Palisades ដែលជាសង្កាត់ដ៏ស្រស់ស្អាតមួយ ស្ថិតនៅភាគខាងលិចទីក្រុង Los Angeles មានផ្ទះរបស់តារាភាពយន្ត ទូរទស្សន៍ និងតន្ត្រីជាច្រើន។ សំណង់ជាង ១ ០០០បានរងនូវការឆាបឆេះ ដែលធ្វើឱ្យវាក្លាយជាគ្រោះអគ្គីភ័យដ៏សាហាវបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្ររបស់ទីក្រុង Los Angeles៕