កាណាដា បញ្ជូននាវាចម្បាំងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ធ្វើឱ្យចិនក្ដៅស្លឹកត្រចៀក

(តៃប៉ិ)៖ នាវាចម្បាំងមួយគ្រឿងរបស់កាណាដា បានធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃទី៣១ ខែកក្កដា ក្រោមប្រតិបត្តិការមួយដែលទីក្រុងអូតាវ៉ា ហៅថាជា ការប្ដេជ្ញាចិត្តចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកបើកចំហ ដោយបង្កឱ្យមានការថ្កោលទោសពីចិនដែលចាត់ទុកថាទង្វើបែបនេះកំពុងបំផ្លាញសន្តិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រសួងការពារជាតិកាណាដា បាននិយាយថានាវាចម្បាំង HMCS Montreal កាលពីពេលថ្មីៗនេះបានដឹកនាំប្រតិបត្តិការជាទម្លាប់តាមធម្មតា ដោយធ្វើដំណើរឆ្លងកាត់ ច្រកសមុទ្រតៃវ៉ាន់ ដើម្បីបញ្ជាក់ឡើងវិញពីការប្ដេជ្ញាចិត្តរបស់កាណាដាចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី បើកចំហ និងបរិយាប័ន្ន។ ក៏ប៉ុន្តែ លោក Li Xi អ្នកនាំពាក្យទីបញ្ជាការ ភូមិភាគខាងកើត នៃកងទ័ពរំដោះប្រជាជនចិន PLA បានថ្កោលទោស និងចាត់ទុកការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដោយនាវាចម្បាំងកាណាដាកាលពីថ្ងៃទី៣១ ខែកក្កដា បានបំពុលស្ថានការណ៍ ក៏ដូចជាបំផ្លាញសន្តិភាព និងស្ថិរភាពនៅទូទាំងតំបន់ច្រកសមុទ្រតៃវ៉ាន់។ លោកបន្ថែមថាកងទ័ពចិនបានប្រុងជើងការជានិច្ច គ្រប់ពេលវេលា ហើយត្រៀមរួចជាស្រេចដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែង និងរាល់ទង្វើបង្ករឿង។

គួរបញ្ជាក់ថា ចិន បានចាត់ទុកថាតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន និងថាមានសិទ្ធិគ្រប់គ្រងលើតំបន់ច្រកសមុទ្រតៃវ៉ាន់ដែលខណ្ឌចែករវាងចិន និងតៃវ៉ាន់។ ប៉ុន្តែតៃវ៉ាន់ និងអាមេរិក បានច្រានចោលការអះអាងនេះ ដោយនិយាយថាច្រកសមុទ្រតៃវ៉ាន់ជាផ្លូវទឹកអន្តរជាតិ ហើយដើម្បីជាការបញ្ជាក់ សហរដ្ឋអាមេរិកតែងតែបញ្ជូននាវាចម្បាំងឱ្យធ្វើដំណើរឆ្លងកាត់ ច្រកសមុទ្រមួយនេះ ទោះជាធ្វើឱ្យចិនក្ដៅក្រហាយក៏ដោយ៕