(អង់ការ៉ា)៖ ប្រធានាធិបតី លោក Tayyip Erdogan បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា តួកគី ប្រហែលជាត្រូវចូលក្នុងប្រទេសអ៉ីស្រាអែល ដូចដែលខ្លួនធ្លាប់ធ្វើកន្លងមកនៅលីប៊ី និងតំបន់ Nagorno-Karabakh ទោះជាមិនបានបញ្ជាក់ពីការធ្វើអន្តរាគមន៍បែបណាដែលលោកកំពុងលើកឡើងនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ ២០២៤។
លោក Erdogan បានប្រាប់កិច្ចប្រជុំគណបក្ស AK ដែលជាបក្សកាន់អំណាចរបស់លោក នៅឯស្រុកកំណើតក្នុងទីក្រុង Rize យ៉ាងដូច្នេះថា «យើងត្រូវតែខ្លាំង ដើម្បីកុំឱ្យអ៉ីស្រាអែល ធ្វើរឿងគួរឱ្យហួសចិត្តទាំងនេះចំពោះប៉ាឡេស្ទីន ដូចដែលយើងបានចូលទីក្រុង Karabakh ដូចយើងចូលលីប៊ី យើងប្រហែលជានឹងធ្វើស្រដៀងគ្នានោះ»។ លោក Erdogan បានបន្ថែមក្នុងសុន្ទរកថាតាមទូរទស្សន៍ថា «គ្មានហេតុផលអ្វីដែលយើងមិនអាចធ្វើបានទេ យើងត្រូវខ្លាំងទើបអាចចាត់វិធានការនោះបាន»។
គួរបញ្ជាក់ថា កាលពីឆ្នាំ ២០២០ តួកគីបានបញ្ជូនបុគ្គលិកយោធាទៅកាន់ប្រទេសលីប៊ី ដើម្បីគាំទ្រដល់រដ្ឋាភិបាលដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ ក្រោមកិច្ចព្រមព្រៀងជាតិនៃប្រទេសលីប៊ី។ ដោយឡែក នៅឯតំបន់ Nagorno-Karabakh វិញ តួកគីបានច្រានចោលការចូលរួមដោយផ្ទាល់ ក្នុងប្រតិបត្តិការយោធារបស់អាស៊ែបៃហ្សង់នៅទីនោះ ប៉ុន្តែនិយាយថា កាលពីឆ្នាំមុនខ្លួនបានប្រើប្រាស់គ្រប់មធ្យោបាយ រួមទាំងការបណ្តុះបណ្តាលយោធា និងការធ្វើទំនើបកម្ម ដើម្បីគាំទ្រសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួន៕