ជំនួបរវាងសម្តេចតេជោ និងនាយករដ្ឋមន្ត្រី បង្ហាញការប្តេជ្ញាខ្ពស់បន្តលើកកម្ពស់​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជំរុញសេដ្ឋកិច្ច និងកិច្ចអភិវឌ្ឍន៍

Oplus_131072

(ហាណូយ, វៀតណាម)៖ តាមរយៈជំនួបសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​កម្ពុជា និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម ភាគីទាំងពីរបានបង្ហាញការ​ប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តរក្សាឱ្យបាននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​ល្អរវាង​ប្រទេស​​ទាំងពីរ។ ជាពិសេសបន្តជួយគ្នាដើម្បីជំរុញដល់ការកសាងសេដ្ឋកិច្ច ជំរុញកិច្ចអភិ​វឌ្ឍន៍នាំមកនូវការរីកចម្រើនសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

Oplus_131072

ក្នុងឱកាសអញ្ជើញគោរពវិញ្ញាណក្ខន្ធលោក ង្វៀង ភូចុង អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម, នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម។

ក្នុងជំនួបនេះ ភាគីវៀតណាមបានបង្ហាញក្ដីរំភើបរីករាយយ៉ាងខ្លាំង ចំពោះមនោសញ្ចេត​នា ដ៏ជ្រាលជ្រៅបំផុតរបស់សម្ដេចតេជោ ដែលបានអញ្ជើញចូលរួមដោយផ្ទាល់ទាំង​ការ​គោរព​វិញ្ញាណក្ខន្ធ និងបន្តចូលរួមក្នុងពិធីបញ្ចុះសពលោក ង្វៀង ភូចុង នៅថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២៤។ ភាគីវៀតណាម សន្យាបន្តរក្សានូវប្រពៃណីយ៉ាងល្អ ជាពិសេសការ​បន្ត​វប្បធម៌​នៃកិច្ចសហប្រតិបត្តិការដ៏ជ្រាលជ្រៅរវាងសម្ដេចតេជោ និងលោក ង្វៀង ភូចុង បានបន្សល់​ទុកសម្រាប់ថ្នាក់ដឹកនាំជានាយករដ្ឋមន្ត្រី, ថ្នាក់ដឹកនាំជាប្រធានរដ្ឋសភា , ថ្នាក់ដឹកនាំជា​ប្រធាន​ព្រឹទ្ធសភា ក៏ដូចជាប្រធានគណបក្ស, អគ្គលេខាធិការគណបក្ស ហើយមិនត្រឹម​តែ​កម្ពុជា និងវៀតណាមទេ ក៏សម្ដែងនូវមិត្តភាពល្អរវាងកម្ពុជា វៀតណាម ឡាវផងដែរ។

ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាយ៉ាងល្អិតល្អន់អំពីប្រពៃណីនៃការធ្វើការជាមួយគ្នា ហើយ​ជា​ពិសេស ក៏បានថ្លែងអំណរគុណចំពោះព្រះមហាក្សត្រ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា ដែលបានគិតគូរ និងសំដែងការសោកស្ដាយចំពោះការបាត់បង់​ឧត្តម​បុរស​ជាតិរបស់មិត្តវៀតណាម  ក៏ដូចជាការបាត់បង់ទាំងកម្ពុជាផងដែរ ចំពោះអ្វីដែល​លោក​​អគ្គលេខាធិការបក្ស បានបន្សល់ទុកនូវការពូនជ្រុំ នៃកិច្ចសហ​ប្រតិបត្តិការ ដែលមាន​លក្ខណៈស៊ីជម្រៅ និងយូរអង្វែង និងមិត្តភាពជាបងប្អូនល្អ ជាអ្នកជិតខាងល្អ ក្នុងអាណត្តិ​ដែលលោកអគ្គលេខាធិការ បានទទួលជាមេដឹកនាំ។

ភាគីទាំងពីរ ក៏បានពិភាក្សាគ្នា ដោយជូនពរគ្នាទៅវិញទៅមក នូវទំនុកចិត្ត គឺជាការលះ​បង់ និងការសាមគ្គីគ្នាគ្រប់ដំណាក់កាល ដើម្បីដណ្ដើមយកឯករាជ្យភាពក្នុងប្រវត្តិសាស្ត្រ​ពីអតីតកាលទាំងពីរអាណានិគមនិយម និងចក្រពត្តិនិយម ដូច្នេះហើយភាគីទាំងពីរ នឹង​បន្ត​ពូន​ជ្រុំនូវមិត្តភាពនេះ ឱ្យបានយូរអង្វែងបន្តទៀត។ ជាពិសេសថ្នាក់នាយករដ្ឋមន្ត្រី តែងតែ​ជួប​គ្នាគ្រប់ពេលវេលា ទាំងសម្ដេចធិបតី ហ៊ុន ម៉ាណែត ទាំងនាយករដ្ឋមន្ត្រីឡាវ និងលោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម នៅគ្រប់ទីតាំង និងគ្រប់វេទិកា។

ភាគីទាំងពីរ ក៏បានជូនជូនពរគ្នាទៅវិញទៅមក ចំពោះការធ្វើយ៉ាងណា ឱ្យពាណិជ្ជកម្ម និង​កិច្ចសហប្រតិបត្តិការទាំងអស់ មានការកើនឡើង ជាពិសេសវៀតណាម នៅឆ្នាំ២០៣០ ក្លាយទៅជាប្រទេសអភិវឌ្ឍន៍ ហើយក៏ជូនពរឱ្យក្លាយទៅជាប្រទេសដែលចូលទៅក្នុង​កម្រិត​មហាសេដ្ឋកិច្ចទាំង២០ របស់ពិភពលោក។ មិត្តវៀតណាម ក៏បានជូនពរឱ្យកម្ពុជា ទទួល​បានជោគជ័យចំពោះទស្សនៈវិស័យរបស់សម្ដេចតេជោ និងការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ថ្នាក់ដឹកនាំទាំងពីរ ក៏បានជជែកពីការលើកស្ទួយ នឹងលើកកម្ពស់ការតភ្ជាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ ជាពិសេសការតភ្ជាប់ខឿនសេដ្ឋកិច្ច ដើម្បីឯករាជ្យ ម្ចាស់ការ ធ្វើឱ្យមានការបំពេញ​ឱ្យ​គ្នាទៅវិញទៅមករវាងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ព្រោះអ្វីៗទាំងអស់ នៃការរីកចម្រើន គឺជាផលប្រយោជន៍របស់កម្ពុជា និងការបំពេញឲ្យគ្នាទៅវិញទៅមក នៃការតភ្ជាប់នូវទីផ្សារ​ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធទាំងឡាយ។

ភាគីទាំងពីរ ក៏បានយល់ស្របចំពោះសំណើនៃការគិតគូរ ក្នុងការយកប្រជាជនជាស្នូល ហើយជាពិសេស ការតបភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ផ្នែកអគ្គិសនី ដោយខាងភាគីមិត្ត​វៀត​ណាម ទទួលយកសំណើរបស់សម្ដេចតេជោ ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា ដើម្បីធ្វើយ៉ាងណាបន្តផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជា ២៥០​មេហ្គាវ៉ាត់ ដែលបន្តកិច្ចសន្យាចាប់ពីឆ្នាំ២០២៥បន្តទៀត ហើយភាគីវៀតណាម គឺពេញ​ចិត្ត​ក្នុងការផ្គត់ផ្គង់ឱ្យបានលើសចំនួននេះបន្ថែមទៀត។ បើសិនជាអាច គឺភាគីវៀតណាម នឹង​ផ្តល់​រហូតដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស ៤០០មេហ្គាវ៉ាត់ ដើម្បីជំរុញសេដ្ឋកិច្ច​កម្ពុជា ឲ្យរីកចម្រើននៅក្នុងឧស្សាហកម្ម 4.0។

ភាគីទាំងពីរ ក៏បានផ្តល់តម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរវាងគណបក្សទាំងពីរ ក៏ដូចជា​រាជរដ្ឋាភិបាល បានបង្ករឲ្យមានលក្ខណៈនៃការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរយុវជន ដើម្បី​ស្គាល់គ្នា ទុកចិត្តគ្នា និងធ្វើការដឹកនាំប្រកបដោយសុឆន្ទៈ ក្នុងន័យមិត្តភាពយូរអង្វែង ដូច្នេះ​ហើយភាគីទាំងពីរ ក៏នៅតែចង់ចាំបំភ្លេចចំពោះគុណណូបក្ការៈរបស់លោក ង្វៀង ភូចុង ដែលបន្តពូនជ្រុំការកសាងធនធានមនុស្សសម្រាប់គ្រប់ជំនាន់តទៅ ដើម្បីកិច្ចសហ​ប្រតិបត្តិការកម្ពុជា វៀតណាម និងឡាវ ឱ្យបានឋិតថេរ និងគង់វង្សយូរអង្វែង។

ពាក់ព័ន្ធនឹងការតភ្ជាប់ខឿនសេដ្ឋកិច្ច ភាគីទាំងពីរ នឹងជួយគ្នាក្នុងលក្ខណៈសេដ្ឋកិច្ច​បំពេញ​គ្នាទៅវិញទៅមក ជាពិសេសភាគីវៀតណាម ពេញចិត្តក្នុងការផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ ដែលនឹងត្រូវចុះហត្ថលេខាបន្តឆ្នាំ២០២៥ ហើយអាចនឹងផ្គត់ផ្គង់ឱ្យដល់ ៤០០មេហ្គាវ៉ាត់ ឬលើសពីហ្នឹងទៅទៀតទៅតាមតម្រូវការនៃការអភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​កម្ពុជា៕