(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃទី១១ ខែកក្កដា បានច្រឡំហៅលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គីថាប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន នៅឯកិច្ចប្រជុំកំពូល NATO ក្នុងទីក្រុងវ៉ាស៊ីនតោន មុននឹងរូបលោកកែតម្រូវឡើងវិញនៅប្រហែលពី ២វិនាទីក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅចំពោះមុខក្រុមមេដឹកនាំ NATO លោក បៃដិន បានលើកឡើងដូច្នេះថា «ឥលូវនេះ ខ្ញុំចង់ប្រគល់នាទីទៅឱ្យប្រធានាធិបតីអ៊ុយក្រែន ដែលមានភាពក្លាហានដ៏អស្ចារ្យដូចដែលលោក បានតាំងចិត្ត។ សុភាពនារី និងសុភាពបុរស សូមស្វាគមន៍ប្រធានាធិបតីពូទីន»។ នៅត្រង់ពាក្យប្រធានាធិបតីពូទីនកន្លែងនេះ គឺលោក បៃដិន ចង់សំដៅលើលោក ហ្សេលេនស្គី។ នៅប្រហែល ២វិនាទី ក្រោយមក ទើបលោក បៃដិន បានកែតម្រូវឡើងវិញ ប៉ុន្តែនៅតែមានការភាន់ច្រឡំដដែល ដោយលោកបានច្រឡំឈ្មោះលោក ហ្សេលេនស្គីថាជាលោក ពូទីន។ «ប្រធានាធិបតី ពូទីន (លោក ហ្សេលេនស្គី) លោកនឹងយកឈ្នះលើប្រធានាធិបតី ពូទីន»។ នេះជាការគូសបញ្ជាក់របស់លោក បៃដិន មុននឹងលោកកែតម្រូវម្ដងទៀតថា លោកចង់សំដៅលើលោក ហ្សេលេនស្គី នឹងយកឈ្នះលើលោក ពូទីន៕