កោះកុង ÷សំណង់អត់ច្បាប់មួយកន្លែង ស្ថិតក្នុងភូមិអណ្តូងទឹក ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ដែលគេបានស្គាល់ថា ម្ចាស់សំណង់ ឈ្មោះ លោកប៊ុន ប្រុស ជាអធិការរងស្រុកបូទុមសាគរ បានសាង សង់រំលោភចូលចំណីព្រែក ដែលមិនមានច្បាប់អនុញ្ញាត បើទោះបីជាមានការចុះហាមឃាត់ ឬឱ្យរុះរើសពីសំណាក់អាជ្ញាធរនិងជំនាញហើយក្តី ក៏លោកអធិការរងរូបនេះ មិនព្រមរុះរើ នៅបន្តធ្វើការសាងសង់ ពុំខ្វល់ខ្វាយពីច្បាប់អ្វីទាំងអស់ ។
បើតាមការលើកឡើងពីមន្ត្រីសាលាស្រុកម្នាក់ ដែលប្រាប់ក្នុងលក្ខន្ធមិនបញ្ចេញឈ្មោះ បានលើកឡើងថា រាល់សំណង់
ដែលធ្វើការសាងសង់នៅលើចំណីព្រែក
គឺមិនអាចសាងសង់បាននោះទេ ហើយក៏មិនមានច្បាប់អនុញ្ញាតឲ្យធ្វើការសាងសង់នោះដែរ បើម្ចាស់សំណង់រូបណាធ្វើការសាងសង់រំលោភលើចំណីព្រែក ជាទង្វើមួយខុសពីផ្លូវច្បាប់បាត់ទៅហើយ តែបើមានការលួចសាងសង់ ដោយគ្មានច្បាប់ទៀតនោះ គឺជាទង្វើខុសច្បាប់ទាំងស្រុងតែម្តង ដោយម្ចាស់សំណង់ត្រូវតែទទួល ខុសត្រូវទាំងស្រុង នូវរាល់ការប៉ះពាល់នានា ដោយពុំមានការទទួលបានសំណងអ្វីត្រឡប់ទៅវិញឡើយ ។
ពាក់ព័ន្ធទៅនិងការសាងសង់សំណង់រំលោភចូលចំណីព្រែកខាងលើ ត្រូវបាន លោក ប៊ុន ប្រុស ម្ចាស់សំណង់អះអាងតាមទូរស័ព្ទ នៅល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នេះថា សំណង់របស់លោក គឺជាសំណង់ឈើ ដែលជាសំណង់បណ្ដោះអាសន្ន រយៈពេល ៤ ទៅ ៥ឆ្នាំ វាត្រូវបានពុកអស់ហើយ។ ហើយសំសង់នេះលោកសាងសង់នៅលើទីតាំងផ្ទះចាស់ នៅលើខុស តែលោកធ្វើក្រវ៉ាត់សម្រាប់ដើរ មិនមែនធ្វើផែនោះទេ។ តែលោកបានទទួលស្គាល់ថា លោកធ្វើចូលចំណុចព្រែកប្រហែល២០ ម៉ែត្រតែប៉ុណ្ណោះ។
ក៏ត្រូវបានអាជ្ញាធរមកប្រាប់គាត់ថា ប្រុសឯងកុំអាលធ្វើ ទៅសុំច្បាប់សិន លោកក៏ទៅដាក់ពាក្យស្នើសុំនៅសាលាឃុំ រួចក៏ធ្វើការសាងសង់បន្តទៀត។ ពីព្រោះលោកគិតថាបាន ដោយលោកបានដាក់ពាក្តស្នើសុំហើយ ម្យ៉ាងទៀតសំណង់ជាច្រើននៅតាមបណ្ដោយព្រែកក្នុងស្រុកបូទុមសាគរនេះ សុទ្ធតែសំណង់រឹងមាំ ដោយម្ចាស់សំណង់ជាច្រើន បានចាក់ដីធ្វើផ្ទះ ទើបលោកបន្តការសាងសង់បន្ថែមទៀត។ អ្វីដែលលោកតូចចិត្តនោះ គឺអាជ្ញាធរគួរណាស់តែប្រាប់គាត់ថា ច្បាប់នឹងខ្ញុំធ្វើមិនបានទេ ប្រុសឯងទៅដាក់នៅនេះឬទៅដាក់នៅនោះទៅ បែជា អាជ្ញាធរស្រុកចុះមកឲ្យគាត់រុះរើតែម្ដង ទើបគាត់មានការប្រទាក់ពាក្យសម្ដីគ្នា។
លោកអធិការបញ្ជាក់ទៀតថា សំណង់របស់លោក លោកមិនជំទាស់ទេក្នុងការឲ្យរុះរើ ប៉ុន្តែសូមឱ្យមានតម្លាភាព បើឱ្យរុះរើ ត្រូវរួសទាំងអស់គ្នា នៅតាមបណ្ដោយមាត់ព្រៃនេះ មានសំណង់ជាច្រើនជាសំណង់រឹង រីឯគាត់ជាសំណង់ទន់ទេ។
ជុំវិញបញ្ហាសំណង់ខាងលើ លោក ក្រូច បូរីសីហា អភិបាលស្រុកបទុមសាគរ បាន ឱ្យដឹងតាមទូរសព្ទថា លោកកំពុងជាប់ប្រជុំ បើមានការអី សូមទាក់ទងទៅអ្នក នាំពាក្យ។ ប៉ុន្តែទាក់ទងមិនទាន់បាននៅឡើយទេ ពីព្រោះមិនមានស្គាល់លេខទូរសព្ទ។
ដោយឡែក លោក សុខ សុទ្ធី អភិបាលរង ខេត្តកោះកុង អ្នកសារព័ត៌មានយើងព្យាយាមទំនាក់ទំនងដើម្បីសុំការបំភ្លឺ លើករណីសំណង់ខាងលើនេះដែរ តែមិនអាចទាក់ទងបាន។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែកក្កដាឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ អាជ្ញាធរ និងជំនាញពាក់ព័ន្ធ ស្រុក ខេត្ត បានចុះឱ្យម្ចាស់សំណង់ ឈ្មោះ ប៊ុន ប្រុស ជាអធិការរងស្រុកបូទុមសាគរ ឱ្យរួសរើចេញដោយសារសំណង់របស់គាត់ សាងសង់រំលោភចូលក្នុងចំណីព្រែក។ តែអ្វីដែលធ្វើអោយមហាជន មានការចាប់អារម្មណ៍នោះ ក្រោយពីអាជ្ញាធរចុះមកផ្អាកជាលើកទីមួយ ឃើញទីតាំងសំណង់ខាង លើ បន្តការសាងសង់ដដែលរហូតជិតហើយជាស្ថាពរ ក៏ស្រាប់ឃើញអាជ្ញាធរចុះមកជាលើកទីពីរម្ដងទៀត រហូតដល់ពួកគាត់បានដាក់ជាសំនួរថា តើម្ចាស់សំណង់ខាងលើ មានខ្សែធំនៅពីរខាង ក្រោយខ្នង ឬយ៉ាងណា ? ទើបគាត់នៅតែអាចបន្តការសាងសង់បានយ៉ាងរំភើយ ដោយពុំខ្វល់ខ្វាយ និងខ្លាចញញើតផ្លូវ ច្បាប់បន្តិចសោះឡើង បើទោះបីជាកន្លង មកគាត់ធ្លាប់ទទួលបានការចុះផ្គាកការ សាងសង់ពីសំណាក់អាជ្ញាធរពីរម្តងរួចមកហើយក្តី ហើយមហាជននិងរងចាំមើលថា តើអាជ្ញាធរអាចនិងមានវិធានការបន្តដែរ ឬយ៉ាងណា បើសព្វថ្ងៃសំណង់ខាងលើ នៅតែមិនព្រមរួសរើបែបនេះ៕ ដោយ សេន ពិសិដ្ឋ