ប្រធានាធិបតីសិង្ហបុរី មើលឃើញថាធនធានមនុស្សវ័យក្មេងរបស់កម្ពុជា នឹងក្លាយជាកម្លាំងចលករជំរុញការអភិវឌ្ឍរបស់កម្ពុជា

(សិង្ហបុរី)៖ លោក ថាមេន ស្ហ្យានមូហ្គារ៉ាត់ណាម (Tharman Shanmugaratnam) ប្រធានាធិបតីប្រទេសសិង្ហបុរី បានមើលឃើញថាធនធានមនុស្សវ័យក្មេង និងការបណ្តុះ​បណ្តាលវិជ្ជាជីវៈ នឹងក្លាយជាកម្លាំងចលករប្រកបដោយសក្តានុពលជំរុញការអភិវឌ្ឍរបស់​កម្ពុជា។

លោកប្រធានាធិបតីសិង្ហបុរី បានគូសរំលេចបែបនេះក្នុងជំនួបសម្តែងការគួរសម និង​ពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាល្ងាច​ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងជំនួបនេះ លោកប្រធានាធិបតី បានស្វាគមន៍ប្រកបដោយភាពកក់ក្តៅ ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីលើកដំបូងក្នុងនាមជានាយករដ្ឋមន្រ្តី។

លោកប្រធានាធិបតី បានសម្ដែងការវាយតម្លៃខ្ពស់លើទំនាក់ទំនង​ដ៏ល្អរវាងសិង្ហបុរី-កម្ពុជា​លើគ្រប់វិស័យ ដែលរួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិ បណ្ដុះបណ្ដាល និង​ការអភិវឌ្ឍធនធានមនុស្ស។ លោកប្រធានាធិបតីសង្ឃឹមថា ប្រទេសទាំងពីរនឹងធ្វើការ​ជាមួយគ្នាយ៉ាងជិតស្និទ្ធ ហើយឈានទៅរកកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ​សម្រាប់​ប្រជាជាតិទាំងពីរ។

បន្ថែមពីលើនេះ លោកប្រធានាធិបតី បានបង្ហាញនូវសុទិដ្ឋិនិយមថា សក្ដានុពលនៃធន​ធាន​មនុស្សវ័យក្មេង និងវឌ្ឍនភាពរីកចម្រើននៃការបណ្ដុះ​បណ្ដាលជំនាញ​វិជ្ជាជីវៈ​នៅ​កម្ពុជា នឹងក្លាយជាកម្លាំងចលករទាក់ទាញការវិនិយោគ និងការជំរុញការអភិវឌ្ឍ​លើគ្រប់​វិស័យ ជាពិសេសលើវិស័យថាមពល ឧស្សាហកម្ម កម្មន្តសាល និងវិស័យសក្ដា​នុពល​ផ្សេងៗទៀត។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរ​គុណ​ចំពោះកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកប្រធានាធិបតី រដ្ឋាភិបាល និងប្រជាជន​សិង្ហបុរី។

សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា ប្រទេសទាំងពីរនឹងមានកិច្ចសហប្រតិបត្តិការកាន់​តែ​ច្រើន ជាពិសេសនៅក្នុងឆ្នាំ២០២៥ ប្រទេសទាំងពីរនឹងរៀបចំខួបលើកទី៦០ឆ្នាំ នៃទំនាក់​ទំនង​ការទូតកម្ពុជា-សិង្ហបុរី ហើយប្រទេសទាំងពីរនឹងស្វែងរកកិច្ចសហប្រតិបត្តិការស្តីពី​ការអភិវឌ្ឍលើគ្រប់ទំនាក់ទំនង ដូចជាទំនាក់ទំនងធុរកិច្ច វិស័យឯកជន រដ្ឋាភិបាល និង​សន្តិសុខ និងទិដ្ឋភាពលើវិស័យផ្សេងទៀត។

សម្តេចធិបតី និងលោកប្រធានាធិបតី ក៏បានពិភាក្សាអំពីយន្តការ និងក្របខណ្ឌ​គោល​នយោ​​បាយនានាសម្រាប់កិច្ចការពារដល់បរិស្ថាន ជាពិសេសការទប់ទល់នឹង​ការប្រែ​ប្រួល​អាកាសធាតុ ដើម្បីធានាបានភាពធន់របស់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ ដោយផ្តោតលើការ​ពង្រីកការប្រើប្រាស់ថាមពលកកើតឡើងវិញ ដែលអាចឈានដល់ការសម្រេចបាន​នូវ​បណ្តាញ​អគ្គិសនីអាស៊ាន (ASEAN Power Grid)។

ក្នុងយន្តការនៃកិច្ចសហ​ប្រតិបត្តិការលើវិស័យវិនិយោគ និងពាណិជ្ជកម្ម សម្តេចធិបតី បាន​គូសបញ្ជាក់ថា ប្រទេសទាំងពីរនឹងខិតខំពង្រឹកបន្ថែមទំហំវិនិយោគ និងពាណិជ្ជកម្ម ក៏ដូច​ជាការជំរុញវិស័យទេសចរណ៍ឱ្យកាន់តែមានភាពល្អប្រសើរ។ ក្រៅពីនេះ ប្រទេសទាំងពីរ​នឹង​បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ ហិរញ្ញវត្ថុ និងធនាគារ និងបច្ចេកវិទ្យា។

សម្តេចធិបតី និងលោកប្រធានាធិបតី ​ក៏បានឯកភាពគ្នាលើកទឹកចិត្តដល់​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធនៃរដ្ឋាភិបាលទាំងពីរក្នុងការបន្តកិច្ចពិភាក្សាគ្នា ដើម្បីកំណត់ជាក់​លាក់​លើកិច្ច​សហ​ប្រតិបត្តិការលើវិស័យកសិកម្ម ពាណិជ្ជកម្ម វិនិយោគ និងវិស័យផ្សេងៗផងដែរ។

សម្តេចធិបតី និងលោកប្រធានាធិបតី មានសុទិដ្ឋិនិយមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា និងសិង្ហបុរី នឹងបន្តមានការអភិវឌ្ឍកាន់​តែល្អប្រសើរ​ថែមទៀត ហើយទំនាក់ទំនងនេះ ជាកត្តាកំណត់សម្រាប់​កិច្ច​សហប្រតិ​បត្តិ​ការ និងការទទួលបាននូវវិបុលភាពនៅពេលអនាគតរវាងប្រទេសទាំងពីរ៕