អ៉ីរ៉ង់ ទម្លាក់ការទទួលខុសត្រូវលើអាមេរិក និងអ៉ីស្រាអែល ជុំវិញការបំផ្ទុះគ្រាប់បែកសម្លាប់មនុស្សជិត ១០០នាក់ ក្បែរផ្នូរមេទ័ពម្នាក់


(តេហេរ៉ង់)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា ឆ្នាំ២០២៤ បញ្ជាក់ថា អ៉ីរ៉ង់កាលពីថ្ងៃពុធសប្ដាហ៍នេះ បានទម្លាក់ការទទួលខុសត្រូវលើអ៉ីស្រាអែល និងសហរដ្ឋអាមេរិក ចំពោះការវាយប្រហារបំផ្ទុះគ្រាប់បែក ២លើក នៅក្នុងចំណោមហ្វូងមនុស្ស ចូលរួមពិធីរំឮកវិញ្ញាណក្ខន្ធនៃខួប៤ឆ្នាំ នៃការសម្លាប់អតីតឧត្តមសេនីយ៍អ៉ីរ៉ង់ លោក Qasem Soleimani ក្នុងការវាយប្រហារយន្ដហោះដ្រូនរបស់សហរដ្ឋអាមេរិក។

តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ ហេតុការណ៍ផ្ទុះគ្រាប់បែកទាំង២លើកខាងលើ បានកើតឡើងនៅក្បែរ ផ្នូរបញ្ចុះសពលោក Qasem Soleimani នៅក្នុង ទីក្រុង Kerman ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេស អ៉ីរ៉ង់ ដោយសម្លាប់មនុស្សយ៉ាងហោច ៩៥នាក់ ​និងរាប់សិបនាក់ផ្សេងទៀតរងរបួស។ មិនទាន់មាន ក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវលើការវាយប្រហារទេ។ តែអនុប្រធានផ្នែកកិច្ចការនយោបាយរបស់ប្រធានាធិបតីអ៉ីរ៉ង់ លោក Mohammad Jamshidi បានសរសេរនៅលើបណ្ដាញសង្គម X ថាសហរដ្ឋអាមេរិក និងអ៉ីស្រាអែលគឺជាអ្នកទទួលខុស ត្រូវចំពោះអ្វីដែលលោកហៅថា ជាការវាយប្រហារភេរវកម្មប្រឆាំងអ៉ីរ៉ង់។ ចំណែក ប្រធានាធីបតីអ៉ីរ៉ង់ លោក Ebrahim Raisi បានថ្កោលទោសដោយចាត់ទុកថាការវាយប្រហារ បំផ្ទុះគ្រាប់បែកនោះ ជាទង្វើឃោរឃៅគ្មានមនុស្សធម៌ ខណៈមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Khamenei បានសន្យាសងសឹកវិញយ៉ាងចាស់ដៃ ចំពោះអ្នកនៅពីក្រោយការវាយប្រហារនេះ។

យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានច្រានចោលការរាល់សន្មត់ ឬចោទប្រកាន់ថាទីក្រុងវ៉ាស៊ីន តោន ឬអ៉ីស្រាអែល មានជាប់ពាក់ព័ន្ធនឹង ការវាយប្រហារនេះ។ «សហរដ្ឋអាមេរិកមិនមានជាប់ពាក់ព័ន្ធឡើយ….ហើយយើងក៏គ្មានហេតុផលអ្វីត្រូវជឿថាអ៉ីស្រាអែលមានជាប់ពាក់ព័ន្ធនឹង ការផ្ទុះនេះនោះដែរ»។ នេះការបញ្ជាក់របស់លោក Matthew Miller អ្នកនាំ ពាក្យក្រសួងការបរទេសអាមេរិក ដោយបន្ថែមថាការវាយប្រហារបំផ្ទុះ គ្រាប់បែកនៅអ៉ីរ៉ង់អាចជា ស្នាដៃរបស់ក្រុម ISIS។

ដោយឡែក នៅពេលត្រូវបានសាកសួរដោយក្រុមអ្នកសារព័ត៌មានជុំវិញការបំផ្ទុះគ្រាប់បែកនេះដែរ អ្នកនាំពាក្យយោធាអ៉ីស្រាអែល លោក Daniel Hagari បានឆ្លើយថាអ៉ីស្រាអែលសព្វថ្ងៃកំពុងផ្តោត លើសង្រ្គាមជាមួយក្រុមហាម៉ាស៕