រុស្ស៉ីអះអាងថា អ៊ុយក្រែនវាយប្រហារជាថ្មីលើតំបន់ Belgorod ដោយប្រើមីស៉ីលនិងដ្រូន


(មូស្គូ)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ ២០២៤ គឺ អាជ្ញាធររុស្ស៉ីបានឱ្យដឹងថា នៅថ្ងៃពុធនេះ អ៊ុយក្រែនបានបាញ់មីស៉ីលចំនួន១២គ្រឿង និងយន្តហោះដ្រូនប៉ុន្មានគ្រឿងទៀត មកលើតំបន់ Belgorod នៅភាគខាងត្បូងប្រទេសរុស្ស៉ី។

អភិបាលប្រចាំតំបន់ លោក Vyacheslav Gladkov បាននិយាយថា ស្ថានការណ៍បន្តមានភាពតាន តឹងដដែល នៅ Belgorod ជាទីដែលរុស្ស៉ីបានអះអាងថា ជនស៉ីវិល២៥នាក់ ក្នុងនោះរួមមានទាំង ក្មេង៥នាក់ បានបាត់បង់ជីវិត ក្នុងការវាយប្រហាររបស់អ៊ុយក្រែន កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លង ទៅ។ យ៉ាងណាមិញ មិនទាន់មានសេចក្តីរាយការណ៍ អំពីទំហំនៃការខូចខាត ឬមនុស្សរងគ្រោះ ថ្នាក់ដល់ជីវិត ក្នុងការវាយប្រហារថ្មីចុងក្រោយនេះ នៅឡើយទេ។

Belgorod ដូចទៅនឹងតំបន់រុស្ស៉ីដទៃទៀតដែរ ដែលនៅជាប់ព្រំប្រទល់ជាមួយអ៊ុយក្រែន គឺជារឿយៗ បានរងការវាយប្រហារទ្រង់ទ្រាយតូចៗ ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងមក ប៉ុន្តែការវាយប្រហារ កាលពីថ្ងៃសៅរ៍ គឺជាការវាយប្រហាររបស់អ៊ុយក្រែន ដែលបានបណ្តាលឱ្យមានមនុស្ស​ស្លាប់ច្រើន បំផុត។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានព្រមានថា រុស្ស៉ី នឹងធ្វើការសងសឹកត្រឡប់ទៅវិញ។ បើតាមអាជ្ញាធររុស្ស៉ី មនុស្សម្នាក់ក៏បានស្លាប់ និង៨នាក់ក៏បាន រងរបួសផងដែរ នៅតំបន់ Belgorod កាលពីថ្ងៃអង្គារសប្តាហ៍នេះ៕