(ជប៉ុន)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ បានជួបពិភាក្សាការងារជាមួយលោក Muri Yoshiiro អភិបាលខេត្តមីយ៉ាហ្គីរបស់ ប្រទេសជប៉ុន។ ក្នុងជំនួបដែលធ្វើឡើងនៅអគាររដ្ឋបាលខេត្តមីយ៉ាហ្គី ឯកឧត្តម រដ្ឋមន្ត្រី បានស្នើឱ្យ លោកអភិបាលខេត្ត ជំរុញការផ្សព្វផ្សាយ និងជំរុញសហគ្រាសនៅក្នុងខេត្តឱ្យជ្រើសរើសកម្មសិក្សា ការី និងពលករជំនាញពីកម្ពុជាបន្ថែម។
ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ «ក្នុងខណៈពេលដែលខេត្តមីយ៉ាគី ទទួលបានការបង្កើតរោង ចក្រថ្មីជាច្រើនក្នុងរយៈពេលថ្មីៗនេះ ដូច្នេះសូមអភិបាលខេត្ត ជួយផ្សព្វផ្សាយ និងជំរុញសហគ្រាស នៅក្នុងខេត្តជ្រើសរើសកម្មសិក្សាការី និងពលករជំនាញពីកម្ពុជាបន្ថែម»។
បន្ថែមពីនេះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បាន លើកឡើងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រីករាយនឹងសហការជាមួយខេត្តមីយ៉ាហ្គី ក្នុងការបណ្តុះបណ្តាលជំនាញដើម្បីឲ្យចំតម្រូវការឧស្សាហកម្មរបស់ខេត្ត។
សូមបញ្ជាក់ថា នៅក្នុងខេត្តមីយ៉ាគីនេះ មានកម្មសិក្សាការី និងពលករជំនាញរបស់កម្ពុជាចំនួន១០៩ នាក់ដែលកំពុងហាត់ការងារ និងបំពេញការងារនៅទីនោះ។ ទន្ទឹមនិងនេះ លោករដ្ឋមន្ត្រី ក៏បានឆ្លៀត ឱកាសថ្លែងអំណរគុណដល់អភិបាលខេត្តមីយ៉ាហ្គីរបស់ប្រទេសជប៉ុនចំពោះការមើលថែរក្សាកម្មសិក្សាការី និងពលករជំនាញកម្ពុជាក្នុងខេត្តបានយ៉ាងល្អ។
មុននឹងបញ្ចប់ជំនួប ឯកឧត្តម រដ្ឋមន្ត្រី បានអញ្ចើញលោកអភិបាលខេត្ត និងសភាពាណិជ្ជកម្មក្រុង សេនដៃ(Sendai) នៃខេត្តមីយ៉ាហ្គីមកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ពីឱកាសវិនិយោគ និងការបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
នៅថ្ងៃដដែលនោះ ក្រៅពីជំនួបជាមួយលោកអភិបាលខេត្ត ឯកឧត្តម រដ្ឋមន្ត្រីក៏បានជួបជាមួយលោក Hideki Takayama នាយកប្រតិបត្តិនិងអគ្គលេខាធិការនៃសភាពាណិជកម្មក្រុងសេនដៃ(Sendai) របស់ខេត្តមីយ៉ាហ្គី។ ក្នុងជំនួបនោះ ឯកឧត្តម រដ្ឋមន្ត្រី បានស្នើសុំឲ្យសមាជិកនៃសភាពាណិជ្ជកម្ម របស់ខេត្តទទួលយកពលករជំនាញរបស់កម្ពុជានៅពេលមានតម្រូវការជ្រើសរើសពលករបរទេសបន្ថែម។ ក្នុងជំនួបដដែល ឯកឧត្តម រដ្ឋមន្ត្រី ក៏បានអញ្ចើញសមាជិកសភាពាណិជ្ជក្រុងសេនដៃមក ទស្សនកិច្ចនៅកម្ពុជាដើម្បីពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជាដែលជាប្រទេសមានកត្តានុពលថ្មីផងដែរ៕