ស្ថានទូតអាមេរិកនៅអ៊ីរ៉ាក់ រងការវាយប្រហារដោយគ្រាប់រ៉ុក្កែត ប៉ុន្តែគ្មានអ្នករងរបួសទេ

(បាកដាដ)៖  យោងតាមការចេញផ្សាយដោយ សារព័ត៌មាន Arab News នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ បានអោយដឹងថា អ្នកនាំពាក្យស្ថានទូតអាមេរិក បាននិយាយថា ស្ថានទូតអាមេរិក នៅទីក្រុងបាកដាដ ត្រូវបានវាយប្រហារដោយរ៉ុក្កែតចំនួនពីរគ្រាប់ កាលពីព្រឹកថ្ងៃសុក្រ ប៉ុន្តែមិនមាន អ្នករងរបួសនោះទេ។

អ្នកនាំពាក្យរូបនេះ បាននិយាយថា ការវាយប្រហារនេះ ត្រូវបានគេជឿថា ធ្វើឡើងដោយកងជីវពល ដែលជាសម្ព័ន្ធមិត្តអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់។ ទោះជាយ៉ាងណា គ្មានក្រុមណាមួយចេញមុខអះអាង ទទួលខុសត្រូវភ្លាមៗនោះទេ។

ការផ្ទុះមួយត្រូវបានឮនៅជិតស្ថានទូតអាមេរិក ដែលស្ថិតនៅកណ្តាលរដ្ឋធានីអ៊ីរ៉ាក់នៅវេលាម៉ោង ប្រហែល៤ទៀបភ្លឺថ្ងៃសុក្រ។

នេះគឺជាការវាយប្រហារដោយគ្រាប់រ៉ុក្កែតលើកដំបូង ដែលកំណត់គោលដៅលើស្ថានទូត ចាប់តាំងពី ក្រុមជីវពលស៊ីអ៊ីតជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ បានចាប់ផ្តើមការវាយប្រហារប្រឆាំងនឹងកងកម្លាំងសហ រដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ និងប្រទេសជិតខាងស៊ីរីកាលពីពាក់កណ្តាលខែតុលា។

ក្រុមប្រដាប់អាវុធដែលប្រតិបត្តិការនៅក្រោមបដានៃក្រុមតស៊ូអ៊ីស្លាមនៅអ៊ីរ៉ាក់បានភ្ជាប់ការវាយប្រហារបែបនេះជាង ៧០ ដងមកហើយ ទៅនឹងការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់អ៊ីស្រាអែល ក្នុងការវាយប្រហារដ៏សាហាវរបស់ខ្លួនលើតំបន់ហ្គាហ្សា។

អ្នកនាំពាក្យស្ថានទូតបាននិយាយយ៉ាងដូច្នេះថា «យើងសូមអំពាវនាវម្ដងទៀតដល់រដ្ឋាភិបាលអ៊ីរ៉ាក់ ដូចដែលយើងបានអំពាចវនាវក្នុងឱកាសជាច្រើន ឲ្យធ្វើអ្វីៗគ្រប់យ៉ាងតាមអំណាចរបស់ខ្លួនដែល មាន ដើម្បីការពារបុគ្គលិក កន្លែងការទូត និងដៃគូចម្រុះ»៕