អង្គការ OECD ព្រមានពីហានិភ័យសេដ្ឋកិច្ចសកលដែលកំពុងបាត់បង់សន្ទុះ

(ប៉ារីស)៖ អង្គការ OECD បានព្រមានថា បណ្តាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនក្នុងពិភពលោកកំពុងឈានទៅរកការថមថយសេដ្ឋកិច្ចកាន់តែខ្លាំង ខណៈដែលអត្រាការប្រាក់កាន់តែខ្ពស់ធ្វើឱ្យប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា អង្គការដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសបានមើលឃើញថា កំណើនសេដ្ឋកិច្ចកំពុងបាត់បង់សន្ទុះនៅក្នុងប្រទេសជាច្រើន ហើយនឹងមិនកើនឡើងវិញទេរហូតដល់ឆ្នាំ២០២៥ នៅពេលដែលប្រាក់ចំណូលពិតស្ទុះងើបឡើងវិញពីវិបត្តិអតិផរណា ហើយធនាគារកណ្តាលនានានឹងចាប់ផ្តើមកាត់បន្ថយការចំណាយលើការខ្ចីប្រាក់។
អង្គការ OECD បានព្យាករថា ផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកនឹងកើនឡើងត្រឹមតែ ២,៧% ប៉ុណ្ណោះនៅឆ្នាំក្រោយ បន្ទាប់ពីមានកំណើនទាប ២,៩% ក្នុងឆ្នាំ២០២៣។ សេដ្ឋកិច្ចនឹងកើនឡើងដល់ ៣% វិញក្នុងឆ្នាំ២០២៥។
ជាងនេះទៀត អង្គការ OECD បានឱ្យដឹងទៀតថា ហានិភ័យចំពោះការព្យាករងាកទៅរកការធ្លាក់ចុះក្នុងគ្រាដែលភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកើនឡើង ចក្ខុវិស័យមិនច្បាស់លាស់សម្រាប់ពាណិជ្ជកម្ម និងហានិភ័យដែលថា គោលនយោបាយរូបិយវត្ថុតឹងរឹងអាចប៉ះពាល់ខ្លាំងជាងការរំពឹងទុកដល់ក្រុមហ៊ុន ការចំណាយរបស់អ្នកប្រើប្រាស់ និងការងារធ្វើ។
លោក Clare Lombardelli ប្រធានសេដ្ឋវិទូរបស់អង្គការ OECD ត្រូវបានដកស្រង់សម្ដីដោយ Bloomberg ថា៖ «អតិផរណាកំពុងថយចុះ ប៉ុន្តែកំណើនសេដ្ឋកិច្ចកំពុងថមថយ»។ លោកបានបន្ថែមថា៖ «យើងកំពុងតែព្យាករថានឹងមានការថមថយសេដ្ឋកិច្ចសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ប៉ុន្តែវាមិនច្បាស់នោះទេ»។
ចក្ខុវិស័យដ៏អាប់អួរនេះបានកើតមានឡើងចេញពីវិបត្តិអតិផរណាសកល ជំងឺរាតត្បាតកូវីដ-១៩ និងការកើនឡើងតម្លៃថាមពលបន្ទាប់ពីរុស្ស៊ីវាយប្រហារលើប្រទេសអ៊ុយក្រែន៕