អភិសន្តិបណ្ឌិត ស សុខា ណែនាំដល់កម្លាំងនគរបាល ត្រូវឱ្យបំពេញភារកិច្ចនិងផ្ដល់ភាពកក់ក្ដៅជូន ប្រជាពលរដ្ឋ ជាពិសេសកុំពាក់ព័ន្ធគ្រឿងញៀន


(បាត់ដំបង)៖ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន ថ្លែង បញ្ជាក់ថា កងកម្លាំងនគរបាលជាតិ ខុសពីប្រជាពលរដ្ឋធម្មតា ដែលត្រូវគោរពវិន័យ អនុវត្តបទ បញ្ជា និងបំពេញតួនាទីភារកិច្ច ដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ជាពិសេស ការពារសន្តិសុខ សុវត្ថិ ភាព សណ្ដាប់ធ្នាប់សង្គម ហើយរាល់ការបំពេញភារកិច្ច គប្បីចៀសឱ្យឆ្ងាយកុំពាក់ព័ន្ធនឹង គ្រឿង ញៀនករណីរកឃើញនគរបាលរូបណាជាប់ទាក់ទិននឹងបទល្មើសគ្រឿងញៀន ក្រសួងនឹង អនុវត្ត វិន័យតឹងរឹងបំផុតដោយអាចបណ្ដេញចេញពីក្របខណ្ឌជាដើម។

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានណែនាំដូចនេះនាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងឱកាស សំណេះសំណាលជាមួយថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មេបញ្ជាការ វរព្រំដែន អធិការ និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាល នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានបន្តថា ដោយសារការវិវត្តនៃសង្គម ក្នុងនាមកងកម្លាំងនគរ បាល គប្បីផ្ដោតការយកចិត្តទុកដាក់លើបទល្មើសមួយចំនួនដែលកំពុងកើតមាន ជាអាទិ៍ បញ្ហាគ្រឿង ញៀន បទល្មើសទូទៅគ្រប់ប្រភេទ បញ្ហាក្មេងទំនើង និងបញ្ហាចរាចរណ៍។ ពិសេសជាងនេះការជួញដូរផ្លូវភេទ ការជួញដូរមនុស្ស ដែលស្នងការដ្ឋាននគរបាល គួរពិនិត្យលទ្ធ ភាពបង្កើតយន្តការផ្សព្វផ្សាយអំពីគ្រោះថ្នាក់ ឧបាយកល វិធីបង្ការនិងមធ្យោបាយរំដោះខ្លួនជាដើម ដល់យុវនារី អាណាព្យាបាល ក៏ដូចជាប្រជាពលរដ្ឋទូទៅ។

ដើម្បីអនុវត្តតួនាទីភារកិច្ចផ្ដល់ជូនភាពកក់ក្ដៅជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ក៏បានជំរុញលើកទឹកចិត្តដល់កងកម្លាំងនគរបាលទាំងអស់​បន្តអភិវឌ្ឍ សមត្ថភាពជំនាញឱ្យស្របតាមការប្រែប្រួលសង្គមបច្ចុប្បន្ន ជាពិសេសការវិវត្តខាងបច្ចេកវិទ្យា ដោយ ចូលរួមវគ្គបណ្ដុះបណ្ដាលផ្សេងៗ ឬការរៀបចំវគ្គបំប៉នសមត្ថភាពផ្ទៃក្នុង។

ឯកឧត្តម អភិសន្តិបណ្ឌិត បញ្ជាក់ថានាពេលខាងមុខក្រសួងមហាផ្ទៃ នឹងរៀបចំវគ្គបណ្ដុះបណ្ដាល ពិសេសសម្រាប់គណៈដឹកនាំស្នងការដ្ឋានរាជធានីខេត្ត និងកម្រិតថ្នាក់ដឹកនាំតាមអង្គភាពនគរ បាលចំណុះក្រសួងមហាផ្ទៃផ្សេងៗទៀតផងដែរ៕