(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយគណៈ ប្រតិភូក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation – CRBC) ដឹកនាំដោយ លោក Li Changgui អគ្គនាយករងក្រុមហ៊ុន CRBC ដោយមានការចូលរួមពី លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត។
ភាគីទាំងពីរបានធ្វើការវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការកន្លង ព្រមទាំងបានបង្ហាញពីការប្តេជ្ញា យកចិត្តទុកដាក់លើគម្រោងនានាដែលកំពុងអនុវត្ត គ្រោងនឹងអនុវត្តជាពិសេសលើកិច្ចសហការ លើការងាររៀបចំប្រតិបត្តិការ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលមកដល់ពេលនេះមាន រយៈពេល១ឆ្នាំហើយ។
បន្ថែមពីនោះលោកអគ្គនាយករងក្រុមហ៊ុន CRBC ក៏បានសម្តែងនូវជំនឿយ៉ាងមុតមាំថា ក្រោមការ ដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល នីតិកាលថ្មីនេះ វិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា នឹងកាន់តែអភិវឌ្ឍឈានទៅមុខមួយកម្រិតថែមទៀត៕