មុខសញ្ញាជនសង្ស័យ បានវាយសម្លាប់កូនសត្វឈ្លូស ដែលកំពុងហែលទឹក នៅធ្នេរកុកហាវ គីរីសាគរ ខេត្តកោះកុង ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ

កោះកុង÷ ជនសង្ស័យ ដែលបានវាយ សម្លាប់កូនសត្វឈ្លូស កំពុងហែលក្នុងទឹកសមុទ្រ នៅធ្នេរកុកហាវ ស្រុកគិរីសាគរ ខេត្តកោះកុង កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២៣ ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានហើយ។ ដែលយុវជនរូបនេះបានចូលខ្លួនសារភាព នៅក្រោយពីមានអ្នកផ្ដល់ព័ត៌មានឲ្យអាជ្ញាធរសមត្ថកិច្ចឈានទៅកំណត់អត្តសញ្ញាណរបស់ជនដៃដល់ បានបង្ហាញមុខជនសង្ស័យ នៅរសៀលថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៣ ។

  • ជនសង្ស័យឈ្មោះតាន់ អូខុង (ហៅ ក្រៅ) អូខុង ភេទប្រុស អាយុ ២៣ ឆ្នាំជនជាតិខ្មែរ សញ្ជាតិខ្មែរ។
  • ស្រុកកំណើត ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
  • មុខរបរ សន្តិសុខ។

លោក ហាក់ឡេង អភិបាលរងខេត្តកោះ កុងថ្លែងថា ដោយមានការឯកភាពពីព្រះរាជអាជ្ញា អាជ្ញាធរសមត្ថកិច្ច បាន សម្រេចឃាត់ខ្លួនជនសង្ស័យ ជាបណ្ដោះ អាសន្ន នៅក្នុងស្នងការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីស្រាវជ្រាវរកអ្នកពាក់ព័ន្ធបន្ថែម។ ហើយចំពោះពិធានការបែបណាលើជនសង្ស័យ គឺរង់ចាំឱ្យសមត្តលោកធ្វើការជាមួយមន្ត្រីជំនាញសិន។

ជាមួយគ្នានោះ លោក ហាក់ ឡេង អភិបាលរងខេត្ត សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវមានចិត្តអាណិតស្រឡាញ់សត្វព្រៃ ដែលជាសត្វមួយដ៏កម្រ ដែលយើងត្រូវថែរក្សា ធ្វើការអភិរក្សទាំងអស់គ្នា៕ ដោយ សេន ពិសិដ្ឋ