កោះកុង÷ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៣ តុលា ២០២៣ ក្រោមប្រធានបទ “វិនិយោគពីថ្នាក់ជាតិនូវភាពធន់សហគមន៍” នៅសាលមហោស្រពខេត្តកោះកុង នាថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ ២០២៣។
បន្ទាប់ពីបានអានសារលិខិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយលោក លឹម សាវាន់ នាយករដ្ឋបាលសា លាខេត្តកោះកុង ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះហន្តរាយ ១៣ តុលា ឆ្នាំ ២០២៣ រួចមក លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ថា ដើម្បីឱ្យការងារគ្រប់គ្រងគ្រោះមហន្តរាយសម្រាប់ពេលខាងមុខ ទទួលបានជោគជ័យ និងមាន ប្រសិទ្ធភាពខ្ពស់ ខ្ញុំសូមលើកទឹកចិត្តអនុវត្តតាមការអំពាវនាវ របស់រាជរដ្ឋា ភិបាល ដូចខាងក្រោម៖
១/បន្តការយកចិត្តទុកដាក់រួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការរក្សាកំណើនសេដ្ឋកិច្ច តាមរយៈការចូលរួមវិនិយោគវៃឆ្លាត កែលម្អលំនៅឋាន ទីតាំងអាជីវកម្មឱ្យមានសុវត្ថិភាព ពង្រីកមុខរបរដែលធន់ ដើម្បីរក្សាស្ថិរភាព ជីវភាពរស់ នៅជាប្រក្រតីតាមគន្លងថ្មី ជាមួយការរស់ នៅស្អាត បរិស្ថានល្អ និងភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ព្រមទាំងប្រកាន់ភ្ជាប់ជាមួយវប្បធម៌ចែករំលែក។
២/លើកកម្ពស់វប្បធម៌ផ្ទេរ ទទួលយក និងចែករំលែកចំណេះដឹង ចំណេះធ្វើ និង បទពិសោធន៍ក្នុងការទប់ស្កាត់ការកាត់ បន្ថយគ្រោះមហន្តរាយ និងបន្តពង្រឹងសមត្ថភាពលើការយល់ដឹងអំពីហានិភ័យគ្រោះមហន្តរាយ តាមរយៈការយកចិត្តទុកដាក់តាមដានមុខសញ្ញាគ្រោះថ្នាក់ ព័ត៌មានព្យាករណ៍ និងការប្រកាសឱ្យដឹងមុនអំពីហេតុការណ៍ និងគ្រោះថ្នាក់ដែលអាចកើតមានដោយគ្រោះមហ ន្តរាយ។
៣/ក្រសួងស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវកំណត់ថា ការងារគ្រប់គ្រងគ្រោះមហន្តរាយ ជាការងារស្នូលរបស់ខ្លួន និងពង្រឹងលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ដែលជាសេនាធិការ ធានាឱ្យមានធនធានមនុស្ស សម្ភារ សម្រាប់បំពេញការងារ មានធន ធានសម្រាប់ដំណើរការ ការងារឆ្លើយតប និងស្តារឡើងវិញក្រោយគ្រោះមហន្តរាយ ។
៤/ក្រសួងស្ថាប័ន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តពង្រឹងយន្តការ គោល នយោបាយយុទ្ធសាស្ត្រ កម្មវិធី ផែនការ និងសកម្មភាពដែលមានស្រាប់ដោយបញ្ជ្រាបការគ្រប់គ្រងគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ ដើម្បីពង្រឹងភាពធន់ផ្នែកសេដ្ឋកិច្ច សង្គម សុខភាព និងបរិស្ថាន។
ក្នុងឱកាសនោះដែរ លោកជំទាវអភិបាល ខេត្ត បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ គណៈ កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច អង្គការដៃគូ វិស័យឯកជន សប្បុរសជន ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាង សកម្មក្នុងការបំពេញតួនាទី ភារកិច្ចប្រ កបដោយស្មារតីមនុស្សធម៌ ការទទួល ខុសត្រូវខ្ពស់លើការងារគ្រប់គ្រងគ្រោះ មហន្តរាយនាពេលកន្លងមក សំដៅលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
លោកជំទាវមានប្រសាសន៍បន្ថែមថា ជាការពិតណាស់ ការងារគ្រប់គ្រងគ្រោះ មហន្តរាយ មិនឣាចបុគ្គលណាម្នាក់ ឬស្ថាប័នណាមួយតែឯកឯង ឣាចធ្វើការងារនេះប្រកបដោយជោគជ័យ និងមានប្រ សិទ្ធភាពបាននោះទេ ប្រសិនបើគ្មានការ ចូលរួមពីភាគីពាក់ព័ន្ធ។
ដូចនេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា គណៈ កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយគ្រប់លំដាប់ថ្នាក់ អង្គការជាតិ អន្តរជាតិ វិស័យឯកជន សប្បុរសជន និងភាគីពាក់ព័ន្ធទាំងអស់ នឹងបន្តសហការរួមគ្នា ដើម្បីអនុវត្តសកម្មភាពការងារគ្រប់គ្រងគ្រោះ មហន្តរាយ បន្តដំណើររួមគ្នាទៅមុខ ប្រកបដោយអភិវឌ្ឍនភាពឥតឈប់ឈរ
រួមជាមួយនឹងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។
ជាមួយគ្នាក្នុងឱកាសនោះដែរ លោកជំទាវអភិបាលខេត្ត សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ គ្រប់លំ ដាប់ថ្នាក់ អង្គការជាតិ អន្តរជាតិ វិស័យឯកជន សប្បុរសជន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានជួយឧបត្ថម្ភគាំទ្រ និងបរិច្ចាគធនធាន សម្ភារ ថវិកា ជួយដល់ប្រជាជនទទួលរងគ្រោះដោយគ្រោះមហន្តរាយ ដែលកើតមានក្នុងទឹកដីខេត្តកោះកុង នាពេលកន្លងមក៕ ដោយ សេន ពិសិដ្ឋ