(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ថារុស្ស៉ីនឹងទទួលបានជ័យជម្នះ នៅក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើសហរដ្ឋអាមេរិកបញ្ឈប់ការគាំទ្ររបស់ខ្លួនដល់ទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក Lloyd Austin ធ្វើការកត់សម្គាល់បែបនេះ អំឡុងផ្ដល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការមួយនៃព្រឹទ្ធសភាអាមេរិកស្ដីពីការស្នើសុំកញ្ចប់ថវិកា ១០៦ពាន់លានដុល្លាររបស់លោកប្រធានាធិបតី ចូ បៃដិន សម្រាប់ជួយអ៊ុយក្រែន អ៉ីស្រាអែល និងដោះស្រាយបញ្ហាសន្តិសុខនៅតាមតំបន់ព្រំដែនអាមេរិក។
ថ្លែងអំឡុងផ្ដល់សក្ខីកម្មនោះ ប្រមុខការពារជាតិអាមេរិករូបនេះបានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំអាចធានាបានថាប្រសិនបើគ្មានការគាំទ្ររបស់ពួកយើង នោះ (ប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ) ពូទីន នឹងទទួលបានជ័យជម្នះ។ ប្រសិនបើយើងហ៊ានតែបោះបង់ចោលពួកគេ (អ៊ុយក្រែន) នៅពេលនេះ (លោក) ពូទីន នឹងកាន់តែខ្លាំងក្លា ហើយលោកនឹងទទួលបានជ័យជោគតាមដែលលោកចង់បាន»។