ប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមមហាសន្និបាតលើកទី១៤ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤៤ និងសន្និសីទច្បាប់អាស៊ានឆ្នាំ២០២៣ នាទីក្រុងគូឡាឡាំពួ

(ភ្នំពេញ)៖ លោក លី ច័ន្ទតុលា ប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា និងជាប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចំនួន៩នាក់ ដើម្បីចូលរួមមហាសន្និបាតលើកទី១៤ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤៤ និងសន្និសីទច្បាប់អាស៊ានឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើងនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយមានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ និងស្ថិតក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីគឺ លោក Anwar Ibrahim។

សកម្មភាពនេះ បានធ្វើឡើងកាលពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ។
កិច្ចប្រជុំទាំងអស់នេះ មានការចូលរួមពីសមាជិកនៃគណៈកម្មាធិការជាតិនីមួយៗនៃសមាគមច្បាប់អាស៊ានដូចជា ប្រធានតុលាការកំពូល ចៅក្រម ព្រះរាជអាជ្ញា មេធាវី សាស្រា្តចារ្យច្បាប់ និងអ្នកវិជ្ជាជីវៈច្បាប់ដទៃទៀតដែលមានកេរ្តិ៍ឈ្មោះល្អ និងមានបទពិសោធន៍ច្រើនឆ្នាំក្នុងវិជ្ជាជីវៈរបស់ខ្លួន។
នៅក្នុងសុន្ទរកថាបើកមហាសន្និបាតលើកទី១៤ និង កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤៤ លោក លី ច័ន្ទតុលា បានលើកឡើងនូវចំណុចដ៏សំខាន់ៗនិងចាំបាច់សម្រាប់អ្នកវិជ្ជាជីវៈច្បាប់ក្នុងការពិចារណាប្រកបដោយបរិយាបន្ន និងសង្គតិភាពអំពី តួនាទីរបស់អ្នកច្បាប់ និងការចូលរួមជាមួយរដ្ឋាភិបាល របស់ខ្លួនក្នុងការរួមចំណែកឱ្យមានវឌ្ឍនភាពចំពោះប្រទេសនិងសហគមន៍អាស៊ាន ខណៈពេលប្រទេសក្នុងតំបន់អាស៊ាន កំពុងជួបប្រទះនឹងបញ្ហាតំបន់និងពិភពលោកជាច្រើនដូចជាការស្ដារសេដ្ឋកិច្ច ឡើងវិញ បញ្ហាផ្គត់ផ្គង់ខ្សែរសង្វាក់ផលិតកម្ម ការធ្វើពាណិជ្ជកម្មអន្តរជាតិ បម្រែបម្រួលអាកាសធាតុ  សន្ដិសុខស្បៀង និងជនងាយរងគ្រោះជាដើម ដែលសុទ្ធសឹងតែជាកត្តាជះឥទ្ធិពល និងគំរាមកំហែងដល់សន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចរាប់បញ្ចូលសេចក្តីចម្រើនរបស់សង្គមផងដែរ។

លោកបានគូសបញ្ជាក់បន្ថែមអំពីការចូលរួមយ៉ាងសកម្មរបស់គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា ក្នុងសកម្មភាពរបស់សមាគមច្បាប់អាស៊ានកន្លងមកជាពិសេសក្នុងឆ្នាំ២០២៣នេះ ដែលសមាជិករបស់គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា និងលោកផ្ទាល់បានចូលរួមធ្វើជាវាគ្មិន និងអ្នកសម្របសម្រួលនៅក្នុងកិច្ចពិភាក្សារបស់សន្និសីទច្បាប់អាស៊ានឆ្នាំ២០២៣ ហើយបានបញ្ជូនក្រុមនិស្សិតឆ្នើមដើម្បីចូលរួមប្រកួតប្រជែងសវនាការប្រតិដ្ឋរបស់សមាគមច្បាប់អាស៊ាន ព្រមទាំងចាត់តាំងអ្នកវិជ្ជាជីវៈចំនួន៤រូប ចូលរួមជាគណៈកម្មការវាយតម្លៃក្នុងកម្មវិធីប្រកួតនេះ។

មួយវិញទៀត លោក លី ច័ន្ទតុលា បានផ្ញើសារអំពីភាពជោគជ័យរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតដែលទទួលបានពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨នាពេលកន្លង ជូនអង្គប្រជុំនៃសមាគមច្បាប់អាស៊ានផងដែរ។

ជាការកំណត់សម្គាល់ ចាប់តាំងពីគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជាត្រូវបានបង្កើតនាឆ្នាំ២០១៧ រហូតមកដល់ពេលបច្ចុប្បន្ននេះ គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បានរួមចំណែកយ៉ាងសកម្មជាមួយសកម្មភាពនានារបស់សមាគមច្បាប់អាស៊ាន ហើយទទួលបានការកោតសរសើរជាបន្តបន្ទាប់ពីបណ្តារដ្ឋនានា ដែលជាសមាជិកនៃគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ាន ទៅលើសមត្ថភាពក្នុងការដឹកនាំរបស់ថ្នាក់ដឹកនាំ សមត្ថភាពផ្នែកភាសាចំណេះជំនាញ និងភាពប៉ិនប្រសព្វប្រកបដោយជវភាពរបស់សមាជិក នៃគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា៕