UN និយាយថា ការបញ្ជាជម្លៀសប្រជាជននៅតំបន់ហ្គាហ្សារបស់អ៊ីស្រាអែល​ អាចបំពានច្បាប់អន្តរជាតិ

(ហ្សឺណែវ)៖ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃអង្គារនេះថា ការបិទខ្ទប់តំបន់ហ្គាហ្សារបស់អ៊ីស្រាអែល និងបទបញ្ជាជម្លៀសប្រជាជននៅតំបន់ភាគខាងជើង អាចជាការផ្ទេរជនស៊ីវិលដោយបង្ខំ និងបំពានច្បាប់អន្តរជាតិ។​​ នេះបើយោងតាមការចេញផ្សាយដោយ​​​ ទីភ្នាក់ងារសារព័ត៌មាន​ AFP  នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវ លោកស្រី Ravina Shamdasani អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិបាននិយាយថា អ៊ីស្រាអែលហាក់ដូចជាមិនបានខិតខំប្រឹងប្រែងដើម្បីធានាថា ជនស៊ីវិលដែលត្រូវបានជម្លៀសជាបណ្ដោះអាសន្ននៅតំបន់ហ្គាហ្សា ទទួលបានលំនៅដ្ឋានគ្រប់គ្រាន់ ក៏ដូចជាលក្ខខណ្ឌអនាម័យ សុខភាព និងសុវត្ថិភាព ព្រមទាំងអាហារូបត្ថម្ភឡើយ។
លោកស្រីបាននិយាយដូច្នេះថា «យើងមានការព្រួយបារម្ភថា បទបញ្ជានេះ រួមជាមួយនឹងការដាក់ការបិទខ្ទប់ទាំងស្រុងលើតំបន់ហ្គាហ្សា ប្រហែលជាមិនត្រូវបានចាត់ទុកថាជាការជម្លៀសបណ្តោះអាសន្នដោយស្របច្បាប់ទេ ហើយដូច្នេះវាស្មើនឹងការផ្ទេរជនស៊ីវិលដោយបង្ខំ ដែលបំពានលើច្បាប់អន្តរជាតិ»
ពាក្យថា​ «ការជម្លៀសដោយបង្ខំ» ពិពណ៌នាអំពីការជម្លៀសដោយបង្ខំ​នៃប្រជាជនស៊ីវិល ដែលជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលត្រូវផ្តន្ទាទោសដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ»៕