(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗ ចំនួន៣ទៀត សរុបទុនវិនិយោគជិត១៣លានដុល្លារ និងអាចបង្កើតការងារបានជាច្រើនកន្លែង។
តាម Facebook ផ្លូវការរបស់ CDC បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាង ក្រោម៖
១៖ JUHAI BAOSHUN (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតស្រោមជើង ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុង ទុនវិនិយោគប្រមាណ ៥.២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៨០៤កន្លែង។
២៖ HOME TERRACE CO., LTD. គម្រោងគបង្កើតរោងចក្រផលិតគ្រឿងសង្ហារិមក្រៅផ្ទះ (មានដូចជា តុ, កៅអី, តង់, អង្រឹង, រនាំងបាំង, រទះដាក់សម្ភារៈ, កៅអីបង់, ឆ័ត្រ…) ដែលមាន ទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ក្នុង ទុនវិនិយោគ ៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៦៨៦ កន្លែង។
៣៖ TECHNO PARK POI PET PVT CO., LTD. គម្រោងបង្កើតរោងចក្រផ្គុំដំឡើងគ្រឿង បន្លាស់រថយន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងទុនវិនិយោគប្រមាណ ២.៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបាន ចំនួន ៧៩៣កន្លែង៕