(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣ គឺ សេតវិមាន នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បាននិយាយថាសហរដ្ឋ អាមេរិកមិនមានផែនការចូលរួមដោយយោធា នៅក្នុងជម្លោះរវាងអ៉ីស្រាអែល និងហាម៉ាសនោះទេ បន្ទាប់ពីការវាយប្រហារទ្រង់ទ្រាយធំមួយរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បានគូសបញ្ជាក់ដូច្នេះថា «មិនមាននោះឡើយ គោលបំណងបញ្ជូនកងទ័ពអាមេរិកទៅប្រយុទ្ធ»។ តែយ៉ាងណាក៏ដោយ លោក Kirby បានសង្កត់ធ្ងន់ថាលោកប្រធានាធិបតី ចូ បៃដិន នឹងតែងតែ គិតគូរជានិច្ចពីការថែរក្សា និងការពារផលប្រយោជន៍សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ បន្ថែមពីលើនេះ លោកក៏បានទទួលស្គាល់ដែរថាកញ្ចប់ ជំនួយយោធាដំបូងរបស់សហរដ្ឋអាមេរិក ត្រូវបានបញ្ជូនទៅឱ្យអ៉ីស្រាអែលហើយ។
គួរបញ្ជាក់ថា ការផ្ដល់ជំនួយយោធានេះ កើតមានឡើងខណៈលោក ចូ បៃដិន កំពុងត្រៀមខ្លួនថ្លែង សុន្ទរកថាដ៏សំខាន់មួយចេញពីសេតវិមាន នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បន្ទាប់ ពីទទួលស្គាល់ថាពលរដ្ឋអាមេរិកយ៉ាងហោច ១១នាក់ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សា កាលពី ចុងសប្ដាហ៍កន្លងទៅនេះ៕