រដ្ឋមន្ត្រីក្រសួងការងារ ថ្លែងអំណរគុណរដ្ឋាភិបាលស្វីស ដែលជួយជ្រោមជ្រែងវិស័យការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៩ ខែ តុលានេះ បានជួបសំណេះសំណាលជាមួយនឹង លោក PEDRO ZWAHLEN អគ្គរដ្ឋទូតស្វីស ប្រចាំនៅកម្ពុជា ថៃ ឡាវ នៅទីស្តីការក្រសួង។ ក្នុងជំនួបនោះ លោករដ្ឋមន្ត្រីក្រសួងការងារ បានថ្លែង អំណរគុណដល់អគ្គរដ្ឋទូតស្វីស ដែលបានអបអសាទរចំពោះការតែងតាំង ឯកឧត្តម ជារដ្ឋមន្ត្រី ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់អាណត្តិទី៧។

បន្ថែមពីនេះ ឯកឧត្តម រដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលស្វីសដែលបានជួយបណ្តុះ បណ្តាលវិស័យបច្ចេកទេសដល់គ្រូឧទ្ទេស និងសិក្ខាកាមរបស់កម្ពុជា ជាពិសេសការអប់រំបណ្តុះ បណ្តាលបច្ចេកទេសវិជ្ជាជីវៈបៃតងនៅតាមតំបន់ភូមិភាគឦសាន្តរបស់កម្ពុជាលើជំនាញ ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់ ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ការជួសជុលថែទាំទោចក្រយាន យន្ត ការងារកំបោរ និងការងារការ៉ូ និងជួសជុល អគ្គិសនីទូទៅជាដើម។
ក្រៅពីនេះ ភាគីទាំងពីរ ក៏បានព្រមព្រៀងដើម្បីពិភាក្សាបន្ថែមលើការពង្រាងច្បាប់ស្តីពីការអប់រំ បណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈសម្រាប់កម្ពុជាក្រោយភាគីទាំងពីរបានចុះកិច្ចព្រមពៀង។

ក្រៅពីវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណបន្ថែមទៀតចំពោះ រដ្ឋាភិបាលស្វីសដែលបានជួយគាំទ្រនិងការបណ្តុះបណ្តាលសមត្ថភាពយុវជនកម្ពុជាចំពោះគម្រោងការទទួលបានការងារសមរម្យដែលបានអនុវត្តតាំងពីឆ្នាំ២០១៧តាមរយៈទីភ្នាក់ងារជាតិ និងមុខរបរ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងកិច្ចសន្ទនាប្រកបដោយភាពស្និទ្ធស្នាលនោះ លោកអគ្គរដ្ឋទូត បានសន្យាជាមួយឯកឧត្តម រដ្ឋ មន្ត្រី បន្តគាំទ្រការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដើម្បីកសាងសមត្ថភាពសិក្ខាកាមកម្ពុជាឱ្យរីក ចម្រើនបន្ថែមទៀត។ ក្រៅពីនេះភាគីទាំងពីរ បានជជែកពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ទៅ វិញទៅមកលើការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈដែលមានភាពចាំបាច់ក្នុងដំណើរការសង្វាក់ផលិតកម្មសេដ្ឋកិច្ចក្នុងក្របខណ្ឌប្រទេសកម្ពុជា និងស្វីស៕