(ហ្សាការតា)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៨ ខែតុលា ឆ្នាំ២០២៣ បានបញ្ជាក់ថា ឥណ្ឌូណេស៉ី ដែលជាប្រទេសបានផ្តល់ការគាំទ្រយូរមកហើយ ចំពោះ បុព្វហេតុប៉ាឡេស្ទីន បានចេញសេចក្តីថ្លែងការណ៍ នាថ្ងៃអាទិត្យនេះថា ខ្លួនមានក្តីកង្វល់យ៉ាងជ្រាល ជ្រៅ អំពីការផ្ទុះភាពតានតឹងខ្លាំង រវាងអ៉ីស្រាអែលនិងប៉ាឡេស្ទីន ហើយបានអំពាវនាវបញ្ចប់អំពើ ហិង្សាដែលបានកើនឡើង។ ក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួន ក្រសួងការបរទេសឥណ្ឌូណេស៉ី បាននិយាយដូច្នេះថា «ប្រទេសឥណ្ឌូណេស៉ីមានក្តីបារម្ភយ៉ាងខ្លាំង ជុំវិញស្ថានការណ៍កើនឡើង ភាពតានតឹងភ្លាមៗ រវាងអ៉ីស្រាអែលនិងប៉ាឡេស្ទីន។ ឥណ្ឌូណេស៉ីសូមទទូចឱ្យបញ្ចប់ជាបន្ទាន់ នូវអំពើហិង្សា ដើម្បីចៀសវាងមនុស្សស្លាប់ច្រើននាក់ថែមទៀត»។ ឥណ្ឌូណេស៉ីជាប្រទេសមានប្រជាជនច្រើនជាងគេ ដែលមានអ្នកកាន់សាសនាអ៉ីស្លាម រស់នៅ ភាគច្រើន។ តាំងពីដើមមក ឥណ្ឌូណេស៉ីបានផ្តល់សំឡេងគាំទ្រជាប់ជានិច្ច សម្រាប់កិច្ចប្រឹងប្រែង តស៊ូរបស់ប៉ាឡេស្ទីន ដែលចង់ទទួលបានឯករាជ្យ។ ក្នុងសេចក្តីថ្លែងការណ៍ខាងលើ ទីក្រុង ហ្សាការតាបានលើកឡើងយ៉ាងដូច្នេះថា «ដើមចមនៃជម្លោះរវាងភាគីទាំងពីរ តួយ៉ាងដូចជាការត្រួត ត្រាលើដែនដីប៉ាឡេស្ទីនដោយអ៉ីស្រាអែល ចាំបាច់ត្រូវតែដោះស្រាយដោយអនុលោមតាម ប៉ារ៉ាម៉ែត្រ នានាដែលត្រូវបានព្រមព្រៀងដោយអង្គការសហប្រជាជាតិ»។
គួរបញ្ជាក់ថា ការប្រយុទ្ធគ្នានាចុងសប្តាហ៍នេះ ដែលបង្កឡើងដំបូងដោយការឆ្មក់វាយប្រហារទ្រង់ ទ្រាយធំ របស់ក្រុមប៉ាឡេស្ទីន Hamas ទៅលើអ៉ីស្រាអែល តាមរយៈការបាញ់រ៉ុក្កែតរាប់ពាន់គ្រាប់ និងការបញ្ជូនក្រុមអ្នកប្រយុទ្ធរបស់ខ្លួន ឱ្យឆ្លងព្រំដែនចូលលុកលុយអ៉ីស្រាអែល ហើយក្រោយ មកយោធាអ៉ីស្រាអែល ក៏បានបើកការវាយប្រហារតាមផ្លូវអាកាសយ៉ាងចាស់ដៃសងសឹកទៅវិញនោះ គឺបានសម្លាប់មនុស្សរាប់រយនាក់ និងបង្កឱ្យរបួសរាប់ពាន់នាក់ផ្សេងទៀត ទាំងនៅខាងអ៉ីស្រាអែល និងនៅខាងតំបន់ Gaza។ វាគឺជាការផ្ទុះឡើងភាពតានតឹងដ៏ខ្លាំងក្លាបំផុតមួយ ក្នុងបញ្ហាជម្លោះ រវាងអ៉ីស្រាអែលនិងប៉ាឡេស្ទីន នារយៈពេលជាច្រើនឆ្នាំមកនេះ៕