(ភ្នំពេញ)៖ ស្ថានទូតអូស្រា្តលី និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ អំពីផែនការយុទ្ធ សាស្ត្របញ្ជ្រាបយេនឌ័រ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ ឆ្នាំ២០២៣-២០២៨ ក្រោមអធិបតីភាពលោក ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ កម្ពុជា និងលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងដោយមានការចូលរួមសហគ្រាសធុនតូច និងមធ្យម សមាគមធុរកិច្ច អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងក្រសួងពាក់ព័ន្ធនានា ក៏បានចូលរួមក្នុងសិក្ខាសាលានេះផងដែរ។
ផែនការយុទ្ធសាស្ត្របញ្រ្ជាបយេនឌ័រ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុ វត្តន៍ គឺជាផែនទីបង្ហាញផ្លូវសម្រាប់ក្រសួងក្នុងការដាក់បញ្ចូលការបញ្ជ្រាបយេនឌ័រ ទៅកាន់កិច្ចការ ងារនានា និងធ្វើការឆ្ពោះទៅសម្រេចបានសមភាពយេនឌ័រនៅក្នុងការងាររបស់ក្រសួង។ ការធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រនេះ មានសារៈសំខាន់ក្នុងការឆ្លុះបញ្ចាំងពី ការផ្លាស់ប្តូរបរិបទសង្គម ចំណុចអាទិភាព និងជាពិសេសដើម្បីអោយស្របទៅតាមយុទ្ធសាស្ត្របញ្ច កោណសម្រាប់អាណត្តិទី៧ នៃរាជរដ្ឋាភិបាលថ្មី។
លើកឡើងនាឱកាសនោះ ឯកឧត្តម ហែម វណ្ណឌី បានមានប្រសាសន៍ថា ក្រសួងប្តេជ្ញាក្នុងការជំរុញ សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គមនៅក្នុងការងាររបស់យើង។ ការធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រនេះ គឺជាជំហានមួយដ៏សំខាន់ឆ្ពោះទៅរកការ សម្រេចគោលដៅនេះ។
ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមងថា តាមរយៈការប្រកាន់យកគោលការណ៍បរិយាបន្ន យើងក៏នឹង ចាប់យកសក្តានុពលដែលមិនទាន់បានប្រើប្រាស់នៅក្នុងសហគមន៍របស់យើង និងរួមចំណែកកា ន់តែប្រសើរឡើង ដល់យុទ្ធសាស្ត្របញ្ចកោណ ដែលផ្តោតលើកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងនិរន្តរភាព។
លោក ចាស្ទីន វ៉ាយអេត បានមានប្រសាសន៍ដែរថា យើងពិតជាមានមោទនភាពណាស់ ក្នុងការធ្វើ ជាដៃគូជាមួយក្រសួង លើគំនិតផ្តួចផ្តើមដ៏សំខាន់មួយនេះ។ យើងជឿជាក់ថា ផែនការយុទ្ធសាស្ត្រ នេះ នឹងជួយដល់ស្រ្តីអោយទទួលបានអត្ថ ប្រយោជន៍ប្រកបដោយសមធម៌ ពីសកម្មភាពសេដ្ឋកិច្ច កម្ពុជា។ អូស្ត្រាលី ប្តេជ្ញាជួយដល់កម្ពុជា ក្នុងការសម្រេចបាន នូវកំណើនសេដ្ឋកិច្ចប្រកបដោយភាព ធន់ បរិយាបន្ន និងនិរន្តរភាព៕