តម្លៃផ្លែស្វាយស្រស់បានធ្លាក់ចុះ ដោយសារបញ្ហាជំងឺកូវីដ១៩

ភ្នំពេញ ៖ ក្នុងសេចក្តីណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញ ថ្ងៃទី១០ ខែមេសា នេះ បានឱ្យដឹងថា ជំងឺកូវីដ១៩ បានធ្វើឱ្យអ្នកបញ្ជាទិញថមថយ ហើយរោងចក្រ និងសិប្បកម្មកែច្នៃដំណាប់ស្វាយមួយចំនួន បានបិទទ្វារបណ្តោះអាសន្ន បណ្តាលឱ្យប៉ះពាល់ដោយផ្ទាល់ ឬប្រយោលចំពោះសេដ្ឋកិច្ចជាតិ និងធ្វើឱ្យប្រែប្រួល នៃតម្លៃលើទីផ្សារផលិតផលកសិកម្ម ជាពិសេសផលិតផលផ្លែស្វាយតែម្តង។

ខ្លឹមសារសេចក្តីជូនដំណឹង សរសេរថា៖ «អំឡុងពេលឆ្លងរាលដាលជំងឺកូវីដ១៩ រោងចក្រ និងសិប្បកម្មកែច្នៃដំណាប់ស្វាយមួយចំនួនផ្អាកដំណើរការបណ្តោះអាសន្ន ដោយសារការបញ្ជាទិញនាំចេញតិចតួច ហើយផ្លែស្វាយស្រស់សម្រាប់ធ្វើការកែច្នៃត្រឹមតែ ២០ ទៅ ៣០តោន/ថ្ងៃ ដោយក្នុងតម្លៃ ៣២០រៀល/គីឡូក្រាម តែប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ តម្លៃ ៨០០រៀល/គីឡូក្រាម».។
សូមជម្រាបថា ស្ថិតិនៃការនាំចេញកសិផលកសិកម្មឆ្នាំ ២០១៩ គិតត្រឹមដើមខែតុលា កម្ពុជា បាននាំចេញស្វាប្រមាណ ៤ម៉ឺន ២ពាន់តោន ទៅកាន់ប្រទេសវៀតណាម ថៃ និងសឹង្ហបុរី៕