(ប៉េកាំង)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP បញ្ជាក់អោយដឹងថា ទីក្រុងហុងកុង នៅថ្ងៃសុក្រ ទី៨ ខែកញ្ញានេះត្រូវបានជន់លិចដោយសារទឹកជំនន់ បង្កឡើងដោយ ភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជិត ១៤០ឆ្នាំ និងបង្កការរំខាន់យ៉ាងខ្លាំងដល់ការ ធ្វើចរាចរក្នុងទីក្រុង។
ផ្លូវជាច្រើន និងស្ថានីយ៍រថភ្លើងក្រោមដីមួយចំនួន នៅក្នុងទីក្រុងហុងកុងបានជន់លិច រីឯសាលារៀន ជាច្រើនត្រូវបង្ខំចិត្តបិទទ្វារ ជាបណ្ដោះអាសន្ន។ ដោយឡែក អាជ្ញាធរក្នុងទីក្រុង សិនជិន (Shenzhen) ស្ថិតនៅក្បែរទីក្រុងហុងកុង ក៏បានរាយការណ៍ដែរពីកម្រិតទឹកភ្លៀងខ្ពស់ បំបែកកំណ ត់ត្រាថ្មីមួយចាប់តាំងពីឆ្នាំ១៩៥២មក។
ក្រុមអ្នកជំនាញ បាននិយាយថាការប្រែប្រួលអាកាសធាតុបានធ្វើឱ្យព្យុះត្រូពិក កើតឡើងកាន់តែ ញឹកញាប់ ដោយនាំមកជាមួយនូវភ្លៀងធ្លាក់ខ្លាំង ដែលបង្កជាគ្រោះទឹកជំនន់ភ្លាមៗ។ ភ្លៀងធ្លាក់ខ្លាំងបានចាប់ផ្ដើមវាយប្រហារទីក្រុងហុងកុង កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយក្នុង ពេល ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ អាជ្ញាធរឧតុនិយមបានកត់ត្រាកម្រិតកម្ពស់ទឹកភ្លៀងដល់ទៅ ១៥៨.១មីលីម៉ែត្រ ដែលនេះជាកម្រិតទឹកភ្លៀងខ្ពស់ បំផុតមិនធ្លាប់មាន គិតចាប់តាំងពីឆ្នាំ១៨៨៤ មក។ ភ្លាមៗ មិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះណាម្នាក់ ឡើយ។
គួរបញ្ជាក់ថា ព្យុះទីហ្វុង ២ គឺសាវឡា (Saola) និងហៃគូអ៉ិ (Haikui) បានវាយប្រហារលើភាគ ខាងត្បូង ប្រទេសចិនកាលពីចុងសប្ដាហ៍មុន ខណៈទីក្រុងហុងកុង អាចគេចផុតពីការវាយប្រហារ ដោយផ្ទាល់ពីព្យុះទាំង២នេះ។ ប៉ុន្តែ ភ្លៀងធ្លាក់ខ្លាំងលើទីក្រុងហុងកុង គឺបណ្ដាលមកពីចំហាយ សេសសល់នៃព្យុះទីហ្វុង Haikui៕