(វ៉ាស៉ីនតោន)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៨ ខែកញ្ញា ឆ្នាំ២០២៣ គឺ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានថ្កោលទោសការអត្ថាធិប្បាយរបស់មេដឹកនាំប៉ាឡេស្ទីន លោក ម៉ាស់ម៉ូដ អាបាស់ (Mahmoud Abbas) អំពីអំពើប្រល័យពូជសាសន៍លើជនជាតិជ្វីហ្វ ក្នុងសម័យសង្គ្រាមលោកលើកទីពីរ ដែលពួក គេយល់ថា មានគំនិតរើសអើងប្រឆាំងជនជាតិជី្វហ្វ។
ថ្មីៗនេះ វិទ្យាស្ថាន Middle East Media Research ដែលធ្វើការត្រួតពិនិត្យលើប្រព័ន្ធផ្សព្វផ្សាយ មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន បានចេញផ្សាយ សុន្ទរកថារបស់ លោក អាបាស់ មានខ្លឹម សារយ៉ាងដូច្នេះថា «ជនជាតិជ្វីហ្វ ត្រូវបានកំណត់គោលដៅពីក្រុមណាហ្ស៉ីហ៊ីត្លែរអាល្លឺម៉ង់ ដោយ សារតែតួនាទី ក្នុងសង្គម ជាជាងសាសនារបស់ពួកគេ»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយសេវាការទូតរបស់ EU បានគូសបញ្ជាក់ថា ការអត្ថាធិប្បាយរបស់ លោក អាបាស់ អាយុ ៨៧ឆ្នាំ ដែលបានធ្វើឡើងកាលពី ចុងខែសីហា ក្នុងកិច្ចប្រជុំនៃគណបក្ស Fatah របស់លោកគឺ «មិនពិត និងបង្កការយល់ច្រឡំយ៉ាងធ្ងន់ធ្ងរ»។ ចំណែក លោកស្រី ឌីបូរ៉ាហ៍ លីពស្តាត (Deborah Lipstadt) បេសកជនពិសេសរបស់អាមេរិកទទួលបន្ទុកតាមដាន និងប្រយុទ្ធ ប្រឆាំងក្រុមប្រឆាំងនិយម បានអំពាវនាវឲ្យមានការសុំទោស ជាបន្ទាន់ចំពោះអ្វីដែលលោកស្រី ហៅថាជា «ការលើកឡើងបង្កប់ចេតនារើសអើង និងស្អប់ជនជាតិជី្វហ្វ» ពីសំណាក់លោក អាប៉ាស់ ៕