(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានទទួលជួបជាមួយ លោក គីម ជីនផ្យូ (Kim Jin-pyo) ប្រធានរដ្ឋសភា នៃសា ធារណរដ្ឋកូរ៉េ ក្នុងឱកាសដែលលោកអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។
ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ កំពុងបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅកម្ពុជា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣។ អំឡុងទស្សនកិច្ចនេះ លោកមានកម្មវិធីជួបជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី, សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីផងដែរ។
ទស្សនកិច្ចជាផ្លូវការរបស់គណៈប្រតិភូនាពេលនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ពង្រឹង ពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរ ដែលមានផល ប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរទាំងពេលបច្ចុប្បន្ន និងក្នុងពេល អនាគត៕