សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ស្នើប្រធានរដ្ឋសភាសាធារណរដ្ឋកូរ៉េជួយជំរុញទំនាក់ ទនងកម្ពុជា-កូរ៉េ ឱ្យដល់កម្រិត «ដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ»


(ភ្នំបេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានស្នើលោក គីម ជីន ព្យូ (Kim Jin Pyo) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ជួយជំរុញលើក កម្ពស់ទំនាក់ទំនងកម្ពុជានិងសាធារណរដ្ឋកូរ៉េ ឱ្យកាន់តែរឹងមាំនិងគ្រប់ជ្រុងជ្រោយ ទំាងស្ថាប័ន នីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ពោលធ្វើយ៉ាងណាឱ្យទំនាក់ទំនងនៃប្រទេសទំាងពីរ បានឈានដល់  «ដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» រួមទាំងវិនិយោគ និងពាណិជ្ជកម្ម។

សម្តេចរដ្ឋសភាធិបតី ក៏បានស្នើដល់ភាគីរដ្ឋសភាកូរ៉េបន្តគំាទ្រកិច្ចព្រមព្រៀង និងអនុស្សរណៈយោគ យល់នានា ដែលរដ្ឋាភិបាលប្រទេសទំាងពីរ(កម្ពុជា-កូរ៉េ)បានធ្វើកន្លងមក ដូចជាការនាំចូលផលិត ផលពីកម្ពុជា អភិវឌ្ឍន៍វិស័យកសិ-ឧស្សាហកម្មកែច្នៃ និងបន្តជួយជំរុញនិងគាំទ្ររដ្ឋាភិបាលកូរ៉េ បន្តការគាំទ្រដល់ពលករនិងពលរដ្ឋកម្ពុជា ដែលកំពុងបម្រើការនិងស្នាក់នៅក្នុងប្រទេសកូរ៉េ។ លើសពីនេះ សម្តេចរដ្ឋសភាធិបតី ក៍បានលើកជាសំណើដល់ប្រធានរដ្ឋសភាកូរ៉េ បង្កើនកិច្ចសហ ប្រតិបត្តិការជាមួយរដ្ឋសភាកម្ពុជាឱ្យកាន់តែស៊ីជម្រៅ និងជិតស្និទ្ធថែមទៀតនៅគ្រប់កម្រិតតាំងពី កម្រិតថ្នាក់ដឹកនាំ គណៈកម្មការជំនាញ ក្រុមមិត្តភាពសភា រហូតដល់កម្រិតមន្ត្រីជំនាញ រួមទាំងការ បណ្តុះបណ្តាលធនធានមនុស្ស ដល់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្នែកព័ត៌មានវិទ្យា និងការ ស្រាវជ្រាវ ជាដើម។

សំណើនេះបានលើកឡើងនៅក្នុងជំនួបទ្វេភាគីរវាង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និង លោក គីម ជីន ព្យូ ប្រធានរដ្ឋសភានៃសាធារណរដ្ឋ កូរ៉េ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅវិមានរដ្ឋសភា។

ក្នុងជំនួបទ្វេភាគីនេះ លោក គីម ជីន ព្យូ បានសម្តែងការអបអរសាទរចំពោះការបង្កើតនូវរាជរដ្ឋា ភិបាលនិងរដ្ឋសភាអាណត្តិថ្មីដែលជាអ្នកបន្តវេនពោរពេញដោយថាមពលនៅក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ។ លោកប្រធានរដ្ឋសភា បានអបអរសាទរចំពោះសម្តេចរដ្ឋសភាធិបតី ដែលជាស្រ្តី ដំបូងនៅកម្ពុជា បានក្លាយជាប្រធានរដ្ឋសភា។ លោក គីម ជីន ព្យូ បានគូសបញ្ជាក់ថារដ្ឋសភាសាធា រណរដ្ឋកូរ៉េត្រៀមខ្លួនជានិច្ចនៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាពរវាងរដ្ឋសភានិងរដ្ឋាភិបាលប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង។

លោក គីម ជីន ព្យូ បានលើកឡើងថា ទំនាក់ទំនងប្រទេសកម្ពុជានិងកូរ៉េ មានការរីកចម្រើនជា លំដាប់ ទំាងវិស័យការទូតនិងពាណិជ្ជកម្ម។ ការវិនិយោគនៅកម្ពុជារបស់កូរ៉េ បានកើនឡើងគួរឱ្យ កត់សម្គាល់នៅក្នុងវិស័យកសិកម្ម និងឧស្សាហកម្មរថយន្ត។ ប្រធានរដ្ឋសភាកូរ៉េ បានសន្យាថានឹង ខិតខំជំរុញការផ្តល់ជំនួយនានាដល់កម្ពុជានៅក្នុងនោះមានការបង្កើនកូតាពលករ បច្ចេកទេស កសិកម្ម និងការបណ្តុះបណ្តាលសមត្ថភាពមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាជាដើម។

សូមជម្រាបជូនថា សាធារណរដ្ឋកូរ៉េបានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមចំណែកស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា តាមរយៈការផ្តល់ជំនួយឥតសំណង និង កម្ចីសម្បទាននានា ជាពិសេស ក្នុងវិស័យកសាងហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្ស។ នៅឆ្នាំ២០២២ កូរ៉េបានផ្តល់ជំនួយអភិវឌ្ឍន៍ចំនួន១៥០លានដុល្លារ ដែលជាជំនួយធំបំផុតរបស់កូរ៉េ ដល់កម្ពុជា។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ ដែលជានិច្ចកាលតែងតែជួយឧបត្ថម្ភ គាំទ្រការអភិវឌ្ឍនៅកម្ពុជា លើគ្រប់វិស័យ។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ជាការពិតណាស់ គោលដៅអភិវឌ្ឍន៍ របស់កម្ពុជានឹងមិនអាចសម្រេចបានទេប្រសិនបើមិនមានកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាប្រទេសជាមិត្ត និង ដៃគូអន្តរជាតិ ដូចជាសាធារណរដ្ឋកូរ៉េ ជាដើម។

ក្នុងនាមរដ្ឋសភា សម្តេចរដ្ឋសភាធិបតី សូមគាំទ្រយ៉ាងពេញទំហឹងចំពោះអនុស្សរណៈនៃកិច្ចព្រម ព្រៀងនានា ដែលរដ្ឋាភិបាលនៃប្រទេសទំាងពីរបានធ្វើជាមួយគ្នាកន្លងមក។ រដ្ឋសភាកម្ពុជាបានបង្ហាញនូវការគាំទ្រចំពោះរដ្ឋាភិបាលកូរ៉េ ក្នុងការធ្វើជាម្ចាស់ផ្ទះពិរព័ណ៍ពិភព លោកឆ្នាំ២០៣០ នៅទីក្រុងប៊ូសាន ដែលជាមហាព្រឹត្តិការណ៍មួយនឹងនាំមកនូវឱកាសថ្មីដល់សាធា រណរដ្ឋកូរ៉េ ក៏ដូចជាតំបន់អាស៊ី-ប៉ាស៊ីហ្វិកទាំងមូល។

សូមជម្រាបថា នៅក្នុងជំនួបពិភាក្សាទ្វេភាគីនេះ ប្រធានរដ្ឋសភាកម្ពុជានិងប្រធានរដ្ឋសភាសា ធារណរដ្ឋកូរ៉េ បានចែករំលែកអំពីស្ថានការណ៍នយោបាយ សង្គម សេដ្ឋកិច្ច និងរដ្ឋសភាពីគ្នា ទៅវិញទៅមក ផងដែរ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានជម្រាបជូនគណៈប្រតិភូថា កម្ពុជា សម្រេចបាននូវការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅក្នុងរយៈពេលជាង ២ទសវត្សរ៍ចុងក្រោយនេះ ដោយ សារនយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសុខសន្តិភាពពេញ លេញទូទាំងផ្ទៃប្រទេស។ សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ហើយរាជរដ្ឋាភិបាលអណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកំណត់គោលនយោបាយធំៗជា អាទិភាពគឺ ការពារសន្តិភាព ស្ថិរភាព និងរាល់សមិទ្ធផលសង្គមជាតិឱ្យរឹងមាំស្ថិតស្ថេរគង់វង្ស តាមរយៈការដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១” ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា រដ្ឋសភា និងរាជរដ្ឋាភិបាលអាណត្តិទី៧ នេះ បានបង្កើតឡើងក្រោយពីការបោះឆ្នោតដោយសេរី យុត្តិធម៌ គ្មានអំពើហឹង្សា នៅខែកក្កដា កន្លងទៅ នេះ ដោយមានគណបក្សនយោបាយ ចំនួន១៨បានចូលរួម និងមានអ្នកទៅបោះឆ្នោតចំនួន ៨៤.៥៨% នៃពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតសរុប។ ជាលទ្ធផល គណបក្សប្រជាជនកម្ពុជាទទួល បានការគាំទ្រលើសលប់គិតជាភាគរយប្រមាណ ៨២.៣% នៃចំនួនអ្នកបោះឆ្នោតបើប្រៀបធៀបជា មួយនឹងការបោះឆ្នោត ៦លើក កន្លងមក គិតពីឆ្នាំ១៩៩៣។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍បន្តថា ការចូលរួមក្នុងដំណើរការបោះឆ្នោត និងការគាំទ្រដ៏ច្រើនសន្ធឹកសន្ធាប់ពីសំណាក់ប្រជាជនកម្ពុជា ជាកត្តាសត្យានុម័តជួយឱ្យដំណើរការ ផ្ទេរអំណាច ប្រព្រឹត្តទៅដោយរលូន និងមានសុខសន្តិភាពបរិបូរណ៍។ នេះជាព្រឹត្តិការណ៍ ប្រវត្តិ សាស្រ្តមួយដ៏សំខាន់ និងអស្ចារ្យសម្រាប់កម្ពុជា ដោយសាររយៈពេលប្រមាណ៥០០ឆ្នាំកន្លងមកនេះ កម្ពុជាពុំមានការផ្លាស់ប្តូរអំណាចដោយសន្តិវិធី និងសាមគ្គីភាពជាតិដូចពេលនេះឡើយ។

ក្នុងគោលដៅពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែមានប្រសិទ្ធភាពនិងស៊ីជម្រៅឡើង លោក គីម ជីន ព្យូ បានគោរពអញ្ជើញសម្តេចរដ្ឋសភាធិបតី ដឹកនាំគណៈប្រតិភូជាន់ ខ្ពស់រដ្ឋសភាកម្ពុជាទៅបំពេញទស្សនកិច្ចនៅសាធារណកូរ៉េក្នុងពេលឆាប់ៗខាងមុខនេះ។ សំណើនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានទទួលយក៕