(សេអ៊ូល)៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូង នៅថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០២៣ គឺ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានស្នើទៅកាន់មេដឹកនាំកូរ៉េ ខាងជើង លោក គីម ជុងអ៊ុន ឱ្យប្រទេសទាំងពីរធ្វើសមយុទ្ធយោធាជើងទឹករួមជាមួយប្រទេសចិន
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុង ឱកាសខួបលើកទី៧០ នៃការបញ្ចប់សង្គ្រាមកូរ៉េក្នុងខែកក្កដា ដែលនៅពេលនោះលោកក៏បានជួបជា មួយនឹង លោក គីម ជុងអ៊ុន ផងដែរ។
ទីភ្នាក់ងារយ៉ុនហាប់បានរាយការណ៍ថា លោក Shoigu បានធ្វើសំណើដើម្បីធ្វើសមយុទ្ធកងទ័ពជើង ទឹកត្រីភាគី ដល់ លោក គីម ក្នុងអំឡុងពេលទស្សនកិច្ចរបស់ខ្លួន ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិត ទេ។ ទីភ្នាក់ងារនេះក៏បានបានរាយការណ៍ទៀតថា សេវាស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាង ត្បូងបានជូនដំណឹងដល់រដ្ឋសភាថា លោក Shoigu ជាក់ស្តែងបានជួបប្រជុំជាឯកជនជាមួយ លោក គីម ដើម្បីអនុម័តលើការពង្រីកយោធាទ្រង់ទ្រាយធំ។
នាពេលថ្មីៗនេះរុស្ស៊ីនិងកូរ៉េខាងជើងបានអំពាវនាវឱ្យមានទំនាក់ទំនងយោធាកាន់តែជិតស្និទ្ធជាមួយគ្នាបន្ថែមទៀត ប៉ុន្តែកូរ៉េខាងជើងបានបដិសេធរាល់ «កិច្ចព្រមព្រៀងអាវុធ» ជាមួយរុស្ស៊ី។
អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បាននិយាយនៅក្នុងសន្និសីទសារព័ត៌ មានមួយកាលពីខែមុនថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង លោក Shoigu បានព្យាយាមជំរុញឲ្យកូរ៉េខាងជើងលក់កាំភ្លើងធំទៅឱ្យប្រទេសរុស្ស៊ី។
ថ្មីៗនេះ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើអង្គភាពចំនួនបី ដែលខ្លួនចោទប្រកាន់ថាមានទំនាក់ ទំនងនឹងកិច្ចព្រមព្រៀងអាវុធរវាងកូរ៉េខាងជើង និងរុស្ស៊ី។
ប្រទេសកូរ៉េខាងជើងបានធ្វើការសាកល្បងនុយក្លេអ៊ែរចំនួនប្រាំមួយចាប់តាំងពីឆ្នាំ ២០០៦ ហើយ បាននិងកំពុងសាកល្បងមីស៊ីលជាច្រើនប្រភេទក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែកម្របានធ្វើសមយុទ្ធ យោធាជាមួយប្រទេសជិតខាងណាស់។
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនកូរ៉េខាងត្បូងធ្វើសមយុទ្ធយោធាជាប្រចាំ ដែលកូរ៉េខាងជើងបរិហារថា ជាការត្រៀមខ្លួនសម្រាប់សង្គ្រាម៕