មេដឹកនាំកម្ពុជា-ឥណ្ឌូនេស៊ី សន្យាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅ


 (ហ្សាកាតា, ឥណ្ឌូនេស៊ី)៖ មេដឹកនាំកម្ពុជា និងឥណ្ឌូនេស៊ី បានសន្យាពង្រឹង និងពង្រីកលើកិច្ច​សហ​ប្រតិបត្តិការលើវិស័យទាំងឡាយ ដែលធ្លាប់ធ្វើជាមួយគ្នាឱ្យកាន់តែស៊ីជម្រៅថែមទៀត។

ក្នុងដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ​នៅ​ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់លោក ចូកូ វីដូដូ ប្រធានាធិបតី​ឥណ្ឌូ​នេស៊ី។

នៅរសៀលថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក ចូកូ វីដូដូ បានឆ្លៀតពេលដ៏មមាញឹក​ក្នុង​នាមជាប្រធានអាស៊ាន ដើម្បីទទួលស្វាគមន៍សម្តេចធិបតី ហ៊ុន ម៉ាណែត មេដឹកនាំវ័យក្មេង របស់ កម្ពុជា។ ក្នុងជំនួបនោះ លោក ចូកូ វីដូដូ បានសម្តែងការសាទរចំពោះ សម្តេចមហា​បវរ​ធិបតី ដែល ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

លោកប្រធានាធិបតីឥណ្ឌូនេស៊ី ក៏បានឆ្លៀតផ្តាំផ្ញើការសួរសុខទុក្ខប្រកបដោយក្តីនឹក​រលឹក​ដ៏​ជ្រាល​ជ្រៅ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងនាម ជាមិត្តភ័ក្តិដ៏ជិតស្និទ្ធរបស់លោក និងរបស់សាធារណរដ្ឋឥណ្ឌូនេស៊ី។

ជាការឆ្លើយតប, សម្តេចមហាបវរធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការ​អប​អរ​សាទរ និងការផ្តាំផ្ញើសួរសុខទុក្ខជូនសម្តេចតេជោ។ សម្តេចមហាបវរធិបតី ក៏បានកោតសរសើរ​ផងដែរ ចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅពីសំណាក់ប្រទេស និង ប្រជាជនឥណ្ឌូនេស៊ី ក្នុងនាម​ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

បន្ទាប់ពីការអបអរសាទរ និង កិច្ចស្វាគមន៍ទៅវិញទៅមក, ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សា​បន្ថែម​អំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធកន្លងមករវាងកម្ពុជា និងឥណ្ឌូនេស៊ី ជាពិសេស លើវិស័យ សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការបណ្តុះបណ្តាលធនធានមនុស្ស និងការប្រយុទ្ធប្រឆាំង​ភេរវកម្ម និងឧក្រិ ដ្ឋកម្មឆ្លងដែនជាដើម។ ក្នុងន័យនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នា​ក្នុង​ការ​បន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌូនេស៊ី ឱ្យកាន់តែស្អិតល្មួត​បន្ថែម​ទៀត៕