រដ្ឋសភាកម្ពុជា«ចូលកង» តែមិនបានបើកសម័យប្រជុំដោយសារបញ្ហា កូវីដ ១៩

ភ្នំពេញ ៖ តាមការសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា គឺរដ្ឋសភា នឹងត្រូវបើកសម័យប្រជុំលើកទី៤ នីតិកាលទី៦ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ នេះជាកំណត់ តែដើម្បីទប់ស្កាត់ការរាលដាលនៃ វីរុសកូវីដ ១៩ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចមិនអញ្ជើញតំណាងរាស្ត្រចូលរួមពិធីបើកសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៦ នាពេលនេះឡើយ។

សូមជម្រាបថា ការបើកសម័យប្រជុំថ្មីនៃរដ្ឋសភា ត្រូវអញ្ជើញតំណាងរាស្ត្រ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ចូលរួមបើកក្នុងសម័យប្រជុំនោះ នៅវិមានរដ្ឋសភាជាតិ ក្រោមអធិបតីភាពប្រធានរដ្ឋសភា សម្តេចពញាចក្រី ហេង សំរិន និងអនុប្រធានទាំងពីរ។ តែការបើកសម័យប្រជុំរដ្ឋសភាលើកទី៤ នេះ មិនបានធ្វើដូចទម្លាប់រាល់ដងនោះឡើយ ដោយសារហេតុផលនៃជំងឺ កូវីដ ១៩៕

គួររំឭកថា សម័យប្រជុំលើកទី៣ នីតិកាលទី៦ ត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ កន្លងទៅ ដែលរហូតមកដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ នេះ ការឈប់សម្រាកគម្រប់រយៈពេល៣ខែ ដែលសមាជិករដ្ឋសភាទាំងអស់ត្រូវ«ចូលកង» ដោយអញ្ជើញតំណាងរាស្ត្រចូលរួមបើកសម័យប្រជុំរបស់ខ្លួនតាមកាលកំណត់៕