(បាងកក)៖ សេដ្ឋកិច្ចរបស់ប្រទេសថៃបានកើនឡើងក្នុងល្បឿនយឺតជាងការរំពឹងទុកនៅត្រីមាសទី២ ដោយសារការនាំចេញដែលចុះខ្សោយ និងការវិនិយោគយឺតលុបលើវិស័យទេសចរណ៍ដែលកំពុងស្ទុះងើប និងបានជំរុញឱ្យរដ្ឋាភិបាលទម្លាក់ការព្យាករពីកំណើនសេដ្ឋកិច្ចឆ្នាំ២០២៣ របស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ប្រទេសដែលមានសេដ្ឋកិច្ចធំទីពីរក្នុងតំបន់អាស៊ីអាគ្នេយ៍ត្រូវបានរំខានដោយការធ្លាក់ចុះកំណើនសេដ្ឋកិច្ចដែលនាំមុខដោយប្រទេសចិនដែលជាដៃគូពាណិជ្ជកម្មសំខាន់របស់ខ្លួន និងការធ្លាក់ចុះទំនុកចិត្តរបស់វិនិយោគិនដោយសារការអូសបន្លាយវិបត្តិនយោបាយក្រោយការបោះឆ្នោត។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC) ថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃបានកើនឡើង ១,៨ភាគរយក្នុងអំឡុងខែមេសាដល់ខែមិថុនា ធៀបនឹងឆ្នាំរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពោលគឺទាបជាងការព្យាកររបស់សេដ្ឋវិទូក្នុងការស្ទង់មតិដែលធ្វើឡើងទីភ្នាក់ងារព័ត៌មានរ៉យទ័រដែលថាមានកំណើន ៣,១ភាគរយ។
នៅត្រីមាសទី១ ផ.ស.ស បានកើនឡើង ២,៦ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលតួលេខនេះត្រូវបានកែសម្រួលទម្លាក់ចុះពី ២,៧ភាគរយដែលបានចេញផ្សាយកន្លងមក។
ត្រីមាសទី២ គឺជាត្រីមាសដែលរងគ្រោះខ្លាំងសម្រាប់ប្រទេសថៃដោយសារបរិមាណនាំចេញធ្លាក់ចុះ ៥,៧ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលធ្វើឱ្យទិន្នផលផលិតកម្មធ្លាក់ចុះ ៣,៣ភាគរយ ខណៈដែលការចំណាយរបស់រដ្ឋាភិបាលថៃក៏ធ្លាក់ចុះ ៤,៣ភាគរយផងដែរ។ ទាំងអស់នេះបានដាក់សម្ពាធបន្ថែមទៀតលើការវិនិយោគទ្រព្យសកម្មថេរដែលធ្លាក់ចុះ ២,៨ភាគរយនៅត្រីមាស។
ការធ្លាក់ចុះតម្រូវការសកលបានជំរុញឱ្យរដ្ឋាភិបាលថៃកាត់បន្ថយការព្យាករពីកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំ២០២៣នេះមកនៅចន្លោះពី ២,៥ភាគរយទៅ ៣ភាគរយពីកណើនចន្លោះពី ២,៧ភាគរយទៅ ៣,៧ភាគរយ ដែលមានន័យថា ធនាគារកណ្តាលប្រហែលជាមិនប្រញាប់ប្រញាល់ដំឡើងអត្រាការប្រាក់ជាថ្មីម្តងទៀតទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕