បេសកជន UN ជំរុញឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC កាត់ទោសក្រុមតាលីបង់ពីបទឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ ចំពោះការបដិសេធការអប់រំកុមារី


(ហ្សឺណេវ)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៦ ខែ សីហា ឆ្នាំ២០២៣ គឺ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកការអប់រំសកល បាន និយាយថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) គួរតែកាត់ទោសមេដឹកនាំតាលីបង់ពីបទប្រព្រឹត្ត ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ចំពោះការបដិសេធក្មេងស្រី និងស្ត្រីអាហ្វហ្គានីស្ថានពីការអប់រំ និង ឱកាសការងារ។

កាលពីថ្ងៃអង្គារ ក្នុងខួប២ឆ្នាំ នៃការកាន់កាប់ប្រទេសអាហ្វហ្គានីស្ថានរបស់ពួកតាលីបង់ លោក Gordon Brown បានប្រាប់សន្និសីទសារព័ត៌មានរបស់អង្គការសហប្រជាជាតិថា មេដឹកនាំអាហ្វ ហ្គានីស្ថានត្រូវតែទទួលខុសត្រូវចំពោះ «ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុត និងមិនអាចប្រកែក បានចំពោះសិទ្ធិស្ត្រី និងកុមារីក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ»។

អតីតនាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះបាននិយាយទៀតថា លោកបានបញ្ជូនមតិផ្លូវច្បាប់ទៅកាន់ ប្រធានរដ្ឋអាជ្ញា ICC លោក Karim Khan ដោយពន្យល់ថា ការបដិសេធចំពោះការអប់រំ និងឱកាស ការងារគឺជា «ការរើសអើងយេនឌ័រ ដែលគួរតែត្រូវបានចាត់ទុកថា ជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយគួរតែត្រូវបានកាត់ទោសដោយ ICC»៕