(ភ្នំពេញ)៖ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញ បំពាក់គ្រឿងឥស្សរិយយសការងារ និងប័ណ្ណសរសើរជូនថ្នាក់ដឹកនាំ បុគ្គលិក មន្ត្រីរាជការ ក្រសួង ផែនការ និងមន្ទីរផែនការរាជធានី-ខេត្ត។
ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ បុគ្គលិក មន្ត្រីរាជការក្រសួង ចំនួនប្រមាណ៥០០នាក់។
ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត បានថ្លែងថា ថ្នាក់ដឹកនាំបុគ្គលិក មន្ត្រីរាជការរបស់ក្រសួងផែនការទាំង អស់ ពិតជាស័ក្តសមនឹងទទួលបាននូវតម្លៃមួយ តបស្នងដល់រាល់ការខិតខំប្រឹងប្រែង ដែលយើង មិនត្រឹមតែអបអរសាទរចំពោះសមិទ្ធផលផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែជាភាពជោគជ័យរួមគ្នា នៃក្រុម ការងារ អង្គភាពនិងក្រសួងផែនការទាំងមូល។ រាល់មេដាយ រាល់ការសរសើរវាតំណាងឱ្យការខិតខំ ប្រឹងប្រែងដោយមិនគិតនឿយហត់ ការតស៊ូ ចំណាយពេលវេលា និងការគិតប្រកបដោយភាពច្នៃ ប្រឌិតដែលបានធ្វើឱ្យស្ថាប័នរីកចម្រើនមកដល់សព្វថ្ងៃនេះ។
ឯកឧត្តម រដ្ឋមន្ត្រី ក៏សូមថ្លែងអំណរគុណ និងអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ចំពោះថ្នាក់ដឹក នាំ បុគ្គលិក មន្ត្រីរាជការក្រសួងផែនការទាំងអស់ សម្រាប់ការប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែង ដើម្បី សម្រេចបានសមិទ្ធផលជូនក្រសួង រាជរដ្ឋាភិបាល និងសង្គមជាតិទាំងមូល។
កិត្តិសេដ្ឋាបណ្ឌិត បានបន្តថា ការបំពាក់ជូននូវគ្រឿងឥស្សរិយយសនាពេលនេះ គឺជាការចារឹកទុកនូវ គុណសម្បត្តិ ស្នាដៃរបស់មន្ត្រីរាជការ ដែលបានបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ ព្រមទាំងជាការលើកទឹកចិត្តចំពោះការខិតខំ បង្កើនស្នាដៃថ្មីៗថែមទៀត ក្នុងការចូល រួមលើកស្ទួយវិស័យ ផែនការស្ថិតិ ប្រជាជន និងអភិវឌ្ឍន៍ ឱ្យទទួលបានការអភិវឌ្ឍរីកចម្រើនជា ប្រចាំតទៅទៀត។
ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត បានបញ្ជាក់ថា នៅក្រោមម្លប់នៃសុខសន្តិភាពពេញលេញ ដែលជាផ្លែផ្កា នៃនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានប្រែក្លាយពីស្ថានភាពនៃការបំផ្លិច បំផ្លាញ ដោយសារវិនាសកម្មសង្គ្រាម មកជាមានការអភិវឌ្ឍរីកចម្រើនជាលំដាប់លើគ្រប់វិស័យ ហើយកំពុងបន្តពង្រឹងនិងពង្រីកសក្តានុពលរបស់ខ្លួនឆ្ពោះទៅរកវឌ្ឍនភាពរុងរឿងបន្ថែមទៀត ក្រោមកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រ ភេទ និងប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសទៅទៀត រាជរដ្ឋាភិបាលកម្ពុជាថ្មី អាណត្តិទី៧ នៃរដ្ឋសភាក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តវេននាំនាវាកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍឥត ឈប់ឈរ។
ក្នុងន័យនេះ ឯកឧត្តម ក៏សូមស្នើដល់អង្គពិធីទាំងមូលគាំទ្រនូវ “កម្មវិធីនយោបាយសម្រាប់ការក សាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨” ដើម្បីធានាការការពារសន្តិភាព និងនិរន្តភាពជាតិលើ មាគ៌ានៃការអភិវឌ្ឍ និងការលើកស្ទួយជីវភាពប្រជាជនឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឈានទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត បានចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រ អស់ពីដួងចិត្ត ជូនចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានតែងតាំង ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយនឹងការគាំទ្រនូវអនុសាសន៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់ឱ្យយុវជនបន្តវេន ដើម្បីបន្តដឹកនាំប្រទេសឆ្ពោះទៅមុខបន្តទៀត និងសូមអំពាវនាវ ដល់លោក លោកស្រីទាំងអស់ ត្រូវបន្តការសហការសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ជាពិសេស បន្តគាំទ្រឥតងាករេ ជុំវិញការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលជា មគ្គុទេសន៍ដ៏ឆ្នើមមួយរូបរបស់ជាតិគ្រប់កាលៈទេសៈ។
សូមបញ្ជាក់ថា ថ្នាក់ដឹកនាំ បុគ្គលិក មន្ត្រីរាជការ ដែលទទួលបានការបំពាក់គ្រឿងឥស្សរិយយស ការងារ មានចំនួន ៤៣៥រូប ចំពោះក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យផែនការ ក៏ទទួលបានលិខិតសរសើរលើការងារដឹកនាំ រៀបចំការងារចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងអំឡុងពេល បិទខ្ទប់ និងកម្មវិធីបរិច្ចាគឈាម ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាមផងដែរ៕