ពលរដ្ឋថៃជាច្រើននាក់សម្រុកចេញពីក្រុងប៉ោយប៉ែតបន្ទាប់ពីកម្ពុជាប្រកាសបិទកាស៊ីណូ

ប៉ោយប៉ែត ៖ រយៈពេល២ថ្ងៃ ចុងក្រោយនេះ គេឃើញប្រជាពលរដ្ឋថៃជាច្រើននាក់ បាននាំគ្នាសម្រុកចេញទៅកាន់ប្រទេសថៃវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត-ខ្លងឡឹក ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាឲ្យបិទកាស៊ីណូ ទាំងអស់នៅទូទាំងប្រទេស ចាប់ពីម៉ោង ២៣ និង៥៩នាទីយប់ថ្ងៃទី១ ខែមេសា នេះ ដែលជាវិធានការទប់ស្កាត់ការរាតត្បាតនៃជំងឺ កូវីដ១៩។

បើទោះបីច្រកព្រំដែននៃប្រទេសទាំងពីរត្រូវបានបិទតាំងពីថ្ងៃទី២៣ មីនា ក៏ដោយ គេអាជ្ញាធរខេត្តបន្ទាយមានជ័យ និងអាជ្ញាធរខេត្តស្រះកែវ បានជួយធ្វើការសម្របសម្រួលឲ្យប្រជាពលរដ្ឋថៃ ដែលធ្វើការនៅតំបន់កាស៊ីណូ និងកន្លែងផ្សេងៗ ចេញទៅកាន់ប្រទេសខ្លួនវិញ ដោយពន្យល់ផងដែរពីវិធានការនានាសម្រាប់ឲ្យសាមីជន ចេះពីវិធីការពារខ្លួនពីវីរុសកូរ៉ណា។

លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ប្រជាពលរដ្ឋថៃ ដែលចេញទៅកាន់ប្រទេសខ្លួននេះ ដោយសារប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបិទកាស៊ីណូទូទាំងប្រទេសនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ដូច្នេះប្រពលរដ្ឋថៃ ដែលនៅធ្វើការនៅក្នុងកាស៊ីណូ និងកន្លែងផ្សេងៗ ដែលមិនទាន់បានចេញទៅថៃ វិញនោះ ត្រូវបានអាជ្ញាធរខេត្តជាប់ព្រំដែនរបស់ប្រទែសទាំងពីរ បានជួយសម្របសម្រួលបំពេញបែបបទទៅតាមច្បាប់ ដើម្បីពួកគេបានត្រឡប់ទៅស្រុកកំណើតនៅថៃ វិញ៕