(ហ្សាការតា)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមជាមួយប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ចូកូ វីដូដូ និងជាប្រធានអាស៊ានឆ្នាំ២០២៣ លោកស្រី Retno Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី និងក្រុមអង្គទូតនានា ដែលមានមូលដ្ឋាននៅទីក្រុងហ្សការតា បានជិះរថភ្លើង MRT ជានិមិត្តរូប ទៅលេខាធិការដ្ឋានអាស៊ាន ដើម្បីប្រារព្វខួបអនុស្សាវរីយ៍ ៥៦ឆ្នាំ របស់អាស៊ាន។
នៅព្រឹកថ្ងៃបន្ទាប់ពីជិះរថភ្លើង MRT ជានិមិត្តរូប មកលេខាធិការដ្ឋានអាស៊ាន ជាមួយលោកប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី លោកលោករដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី និងក្រុមអង្គទូតនានាដែលមានមូលដ្ឋាន នៅទីក្រុងហ្សការតា រួចមកលោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញថ្លែងសន្ទរកថាបើកទិវាអាស៊ានលើកទី ៥៦។
នៅក្នុងឱកាសនោះ លោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញពលរដ្ឋអាស៊ានមកពីគ្រប់មជ្ឈដ្ឋានទាំងអស់ ឱ្យចូលរួមនៅក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន។
នៅរសៀលថ្ងៃដដែលលោកបណ្ឌិត កៅ គឹមហួន បានបន្តអញ្ជើញចែកវិញ្ញាបនបត្រដល់ជ័យលាភីអាហារូបករណ៍ ASEAN-Maybank។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានអបអរសាទរ ចំពោះជ័យលាភីសម្រាប់ឆ្នាំ២០២៣ នេះ ដែលមានចំនួន ៥ រូប។
លោកបណ្ឌិត កៅ គឹមហួន បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ក្នុងការសំរេចបាននូវសក្តានុពលពេញលេញ របស់យុវជនអាស៊ាន តាមរយៈការទទួលបាននូវការអប់រំស្មើគ្នា៕